ភ្នំពេញ÷ ទិសនិរតី រួតទី៣នៃប្រាសាទបាយ័ន្ត ដែលប្រឈមនឹងហានិភ័យខ្ពស់ បានចាប់ផ្តើមជួសជុលតាំងពីខែមករា ដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះសម្រេចបាន៣០ភាគ រយហើយ។
កញ្ញ ម៉េង សុវណ្ណលីលីន ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាក្រុមការងារជួសជុលរួតទី៣នៃប្រាសាទបាយ័ន្ត បានឱ្យដឹងថា ការងារជួសជុលនៅប្រាសាទបាយ័ន្ត មាន៤គម្រោងធំៗ ក្នុងនោះរួមមាន ទី១ ជួសជុលជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន្តបាន៣០ភាគរយ។
ទី២ ទល់ទ្រផ្តែរហោរជាងដែលពុំមានសរសរពេជ្រសម្រាប់ទ្រលំនឹង ដំបូល និងធ្នឹមរលុះធ្លាក់បាន៩០ភាគរយ។
ទី៣ រៀបចំបិទភ្ជិតតាមប្រហោងថ្ម និងសម្រួលថ្មរដិបរដុបមិនរាបស្មើបាន៨០ភាគរយ និងទី៤ តម្លើងជណ្តើរគ្រោងដែកដើម្បីសម្រួលដល់សៀគ្វីទស្សនាប្រាសាទសម្រេចបាន១០០%ហើយ។
អ្នកជំនាញរូបនេះបញ្ជាក់ថា ដោយកៀកនឹងខែវស្សាខិតចូលជិតមកដល់ ដូចនេះ ក្រុមការងារនឹងខិតខំពន្លឿនការរើថ្ម និងរៀបទៅវិញ យ៉ាងយូរឱ្យរួចរាល់នៅខែមិថុនាខាងមុខ។ ដោយឡែកការជួសជុលកម្រាលអាចបន្តក្នុងរយៈពេលប្រមាណ៣ខែបន្តទៀតនឹងបញ្ចប់ទាំងស្រុង។
កញ្ញា លីលីន បានដឹងទៀតថា ផលលំបាកចំពោះការងារជួសជុលនេះគឺទីធ្លាមានភាពតូចចង្អៀត ពិបាកក្នុងការរើថ្ម និងត្រូវការប្រើកម្លាំងពលកម្មមនុស្សទាំងស្រុងក្នុងការរើថ្ម។ ដូច្នេះ ក្រុមការងារបានប្រើបន្ទះកៅស៊ូក្រាលលើកម្រាលថ្មដើម្បីធ្វើដាក់ថ្មដែលរើ ចៀសវាងការប៉ះថ្មនឹងថ្មដោយផ្ទាល់ អាចបណ្តាលឱ្យខូចផ្ទៃថ្ម។ ម្យ៉ាងទៀតបើមានភ្លៀងធ្លាក់ ឬរដូវវស្សាមកដល់ គឺពិបាកក្នុងការជួសជុល។
រចនាសម្ពន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្តនេះ រងការខូចខាតដោយសារកត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ពន្ធដែលនាំយកល្បាយខ្សាច់ចេញនាំអោយមានបញ្ហានៅតាមជ្រុងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ និងសំណង់ប្រាសាទទាំងមូលផងដែរ។
សូមបញ្ជាក់ថា គម្រោងជួសជុលនេះជាអនុវត្តផ្ទាល់ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដោយមានការសហការលើបច្ចេកទសរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន JASA ប្រទេសជប៉ុន។ បន្ទាប់ពីបញ្ចប់គម្រោងជួសជុលខឿនជ្រុងនិរតីនេះ ក្រុមការងារនឹងបន្តធ្វើការជួសជុលតាមខឿនដែលមានហានិភ័យផ្សេងទៀត និងបន្តសិក្សាជួសជុលទីតាំងផ្សេងៗទៀត ដើម្បីរក្សា និងពង្រឹងរចនាសម្ពន្ធប្រាសាទអោយបានរឹងមាំ យូរអង្វែង៕