ភ្នំពេញ÷ ក្រោយពីមានអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់មិនព្រមចូលខ្លួនមកទទួលការព្យាបាល លោក គឹម សន្តិភាពអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានលើកឡើងថា អ្នកទាំង៩រូប ប្រឈមនិងជាប់ពន្ធនាគារ១០ឆ្នាំ បើមិនចូលខ្លួនដើម្បីទទួលយកការព្យាបាលទាន់ពេលវេលា។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក គឹម សន្តិភាពបានឲ្យដឹងថា អ្នកមានជំងឺហើយ តើអ្នកគេចវេះទៅណាទៀត? អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត។
លោក គឹម សន្តិភាពបញ្ជាក់ថា ” សូមផ្តាំទៅអ្នកទាំង៩រូបដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ”៕


