ភ្នំពេញ៖ កម្រាលថ្មភក់ប្រវែង៩០ម៉ែត្រដែល ជាស្រទាប់ខាងលើនៃស្ពានហាលប្រាសាទអង្គរវត្ត សម្រាប់ដើរនឹងរៀបរួចរាល់នាពេលខាងមុខដ៏ខ្លី។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
លោក សយ ច័ន្ទនោឫទ្ធិ ស្ថាបត្យករ បាននិយាយថាមកដល់បច្ចុប្បន្ននេះ ការងារពង្រឹងគ្រឹះសម្រេចបានស្ទើរ១០០ភាគរយ។ រីឯការងាររៀបចំកម្រាលផ្លូវដើរទៅភ្ជាប់នឹងកម្រាលដែល ខាងសាកលវិទ្យាល័យសូហ្វីយ៉ាជួសជុលរួចរាល់នោះបានសម្រេចបាន៩០ភាគរយហើយ។ ក្រៅពីនេះ ក្រុមការងារកំពុងបន្តការងារពង្រឹងគ្រឹះផ្នែកខាងក្នុង និងខាងក្រៅ នៃស្ពានហាល និងកំពុងបន្តស្រាវជ្រាវនៅផ្នែកកំពង់ទឹក។
គួរបញ្ជាក់ថា ស្ពានហាលខាងលិចអង្គរវត្ត បានចាប់ផ្តើមដំណើរការជួសជុលនៅពាក់កណ្ដាលឆ្នាំ២០១៦ ស្ថិតក្នុងជំហានទី២នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន។ កន្លងមក ស្ពានហាលប្រាសាទអង្គរវត្ត ត្រូវបានជួសជុលបានប្រវែង១០០ម៉ែត្រ ដែលអនុវត្តក្នុងជំហានទី១នៅឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៧៕