ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យអ្នកសារព័ត៌មាន ផ្តល់ព័ត៌មានពិតទៅពលរដ្ឋ

0
9

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មានបន្តផ្តល់ព័ត៌មានពិតទៅកាន់ ប្រជាពលរដ្ឋ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងឈានទៅបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបានឆាប់ៗក្នុងពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ នាថ្ងៃទី៣ ឧសភា។

ក្នុងសារលិខិត សម្ដេចតេជោបានឲ្យដឹងថា សកលលោកចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេ ដែលមិនអាចខ្វះបាន ជាពិសេស នៅក្នុងកាលៈទេស​ដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លង់រាតត្បា តសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់ ឆ្លងមេរោគដ៏កាចសាហាវនេះ។

សម្ដេចតេជោ បន្ដថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យព័ត៌មានកាន់តែមានសារសំខាន់ថែមទៀត ក្នុងការបំរើ ផលប្រយោជន៍សាធារណជននិងការផ្សារភ្ជាប់ទំនាក់ទំនង រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដែលជាមធ្យោបាយដ៏មាន ប្រសិទ្ធភាពក្នុង ការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការ ពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញ ដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញ ឱ្យឃើញថា សា្ថប័ន សារព័ត៌មាន គឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។

សម្ដេចតេជោ មានប្រសាសន៍ថា” ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនិងប្រឈមបែបនេះក្ដីក៏អ្នកសារព័ត៌មានយើងបានខិតខំស្វែងរកព័ត៌មានផ្សព្វផ្សាយ ជូនសាធារណជនបានរហ័សទាន់សភាពការណ៍ និងបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅ គ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាព និងទទួលបានជោគជ័យនាពេលកន្លងមក”។

សម្ដេចតេជោ បន្ដថា «ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តការខិតខំប្រឹងប្រែង ក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការ បង្ការជំងឺឆ្លងកូវី-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបិទ ខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាង មុខ»៕

សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញ ភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា ក៏ដូចជា នៅទូទាំងសកលលោក ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយបំពានទៅលើសិទ្ធិបុគ្គលឯកជន ដោយផ្សព្វផ្សាយព័ត៌ មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរចលាចល ក្នុង សង្គម។ ទន្ទឹមនេះ អ្នកព័ត៌មានក៏បន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹង ព័ត៌មានក្លែងក្លយ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលបង្កឡើងដោយជនអគតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here