មួយសប្ដាហ៍ក្រោយការបើករមណីយដ្ឋាន ទេសចរណ៍ឡើងវិញ មិនទាន់មានភ្ញៀវចេញទស្សនាច្រើនទេ

0
10

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា រយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញនោះ មិនទាន់មានភ្ញៀវទេសចរចេញទស្សនាច្រើននៅឡើយទេ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។ នេះបើយោងតាមក្រសួងទេសចរណ៍។

លោក ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៨,៩៦០ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ ៨,៧៥៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២០៦ នាក់។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីបានកត់សម្គាល់លើចំណុចសំខាន់ៗឃើញថា៖

-ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍ ២០ កុម្ភៈ។

-គោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។

ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។

-ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ ដោយរង់ចាំពិនិត្យមើលស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយបន្តិចទៀត ហើយម្យ៉ាងចរន្តភ្ញៀវទេសចរក៏នៅមានតិចតួចនៅឡើយ។

-ភ្ញៀវទេសចរច្រើនតែទៅកម្សាន្តជាលក្ខណៈគ្រួសាររបស់គាត់ និងជួបជុំគ្នាតិចតួចបំផុត ហើយភាគច្រើនសុទ្ធតែប្រជាពលរដ្ឋនៅក្នុងតំបន់។

-ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ កុំ និង ៣ ការពារ ប៉ុន្តែចាំបាច់ត្រូវតែមានការឃ្លាំមើល និងមានការពន្យល់អប់រំណែនាំបន្ថែមទៀតឲ្យជាប់ជាប្រចាំ ពិសេសការរក្សាគម្លាតសុវត្ថិភាព។

-មន្ទីរទេសចរណ៍បានសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ និងបន្តពន្យល់អបររំណែនាំដល់ទេសចរ និងអាជីវករជាម្ចាស់រមណីយដ្ឋាន ឲ្យអនុវត្តឲ្យបានហ្មត់ចត់នូវវិធានការ ៣កុំ ៣ការពារ និងចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័ក និងការផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ ឲ្យបានហ្មត់ចត់ និងមិនត្រូវឲ្យភ្ញៀវទេសចរទាំងនេះចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here