សម្ដេចតេជោ ស្នើសុំឱ្យម្ចាស់ផ្ទះជួល ផ្អាកជាបណ្តោះអាសន្នការយកប្រាក់ឈ្នួលពីកម្មករនៅតំបន់បិទខ្ទប់

0
9

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចសុំឱ្យម្ចាស់ផ្ទះ និងបន្ទប់ជួល មេត្តាយោគយល់កុំទាន់ទារថ្លៃឈ្នួលផ្ទះ និងបន្ទប់ ពីកម្មករ កម្មការិនីនៅតំបន់បិទខ្ទប់។

តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ” ខ្ញុំអង្វរកម្ចាស់ផ្ទះនិងបន្ទប់ជួល ទាំងឡាយ សូមផ្អាកជាបណ្តោះអាសន្ននូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការិនី ក្នុងពេលកម្មករ កម្មការិនី មិនទាន់បានបើកប្រាក់ឈ្នួលពីថៅកែនៅឡើយ។ ហើយបើសិនម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបានរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ កម្មការិនីរបស់យើងឧទាហរណ៍ការបញ្ចុះថ្លៃប្រាក់ថ្លៃ ឈ្នួលផ្ទះដែលកំពុងស្នាក់នៅក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើនតាមលទ្ធភាពតាមអាចធ្វើទៅបានហើយបើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបានក្នុង១ខែ ២ខែ ឬ៣ខែ ក៏សូមធ្វើការលើកលែង”។

សម្តេចតេជោ ថ្លែងថា សម្តេចដឹងពីការលំបាករបស់ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួល ដែលអ្នកខ្លះអាចនៅជាប់បំណុលធនាគារហើយត្រូវការ បង់រំលោះជូនធនាគារ តែម្ចាស់ផ្ទះ និងបន្ទប់ជួល យោគយល់ចំពោះការលំបាកមួយនេះ ហើយរួមគ្នាជួយដល់កម្មករកម្មការិនីនៅគ្រប់កន្លែងបិទខ្ទប់ នៅទូទាំងប្រទេស។

សម្តេចតេជោ បានបន្ថែមយ៉ាងដូច្នេះ «សង្ឃឹមថា ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងអស់ នឹងយល់នូវការលំបាករួម ហើយស្ថានភាពនេះមិនមែនគ្រាន់តែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ បើអាចធ្វើបានសុំធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេស នៅក្នុងតំបន់ដែលមានការបិទខ្ទប់»។

ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើសុំអគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃថាមពលអគ្គិសនី និងថ្លៃទឹក សម្រាប់កម្មករ កម្មការិនី នៅក្នុងតំបន់បិទខ្ទប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here