តើរឿងម៉ាកថឺង ជារបស់ខ្មែរ ថៃឬភូមា ?

0
46

Mao Vutha៖ កាលពីយប់ថ្ងៃមុន ទៅឡកយីកេនៅយ៉ង ពៅ ភ្លេចនឹកឃើញអំពីរឿងម៉ាកថឺងព្រោះអីខ្ញុំមិនដឹងថាមកដល់ផ្ទះវិញតាមណាផង។ ដល់យប់នេះគិតចង់ទៅឡកយីកេម្តងទៀត ចឹងហើយយករឿងម៉ាកថឺង មកនិយាយ ជាមុន ។ តើរឿងម៉ាកថឺងរបស់យើងជារបស់ខ្មែរ ថៃ ឬភូមាឲ្យពិតប្រាកដ?

រឿងម៉ាកថឺង នៅក្នុងស្រុកតាគ្រើង មានគូស្វាមីថ្មីថ្មោងមួយគូ ប្រកបរបរលក់ទឹកអប់ ប្រេងម្សៅ ដោយប្តីជាបុរសចំណាស់ ឈ្មោះម៉ាកថឺង រីប្រពន្ធជានារីវ័យក្មេងមានរូបសម្ផស្សស្រស់ស្អាតឈ្មោះថាម៉ឺយចឺង។ ទាំងពីរនាក់ប្តីប្រពន្ធ តែងតែរែកប្រេងម្សៅ មកលក់នៅឯផ្សារ ហើយទទួលបានការរាប់អាន រាក់ទាក់យ៉ាងខ្លាំង ពីប្រជាពលរដ្ឋនៅក្នុងផ្សារ ។

នាសម័យថ្ងៃមួយព្រះអង្គម្ចាស់ ផ្យាណយ ដែលជារាជទាយាទ របស់ព្រះបាទព្រហ្មទត្ត ជាស្តេចផែនដី បានយាងមកក្រសាលផ្សារ ហើយក៏ពើបប្រទះនឹងនាងម៉ឺយចឺង។ ព្រះអង្គម្ចាស់ផ្យាណយ ក៏បានបាក់ចិត្តស្រឡាញ់ នាងម៉ឺយចឺង ហើយបញ្ជាឲ្យ សេនាអាមាត្រ តាមរកក្រុមគ្រួសាររបស់នាង។ នៅពេលដឹងថានាងម៉ឺយចឺង មានប្តីហើយ ព្រះអង្គម្ចាស់ផ្យាណយ បានទាមទារដូរប្រពន្ធ ជាមួយតាម៉ាក់ថឺង តែយ៉ាងណាក៏ដោយ ក៏តាម៉ាកថឺងមិនព្រមជាមួយ។ ជម្រើសចុងក្រោយ គឺព្រះអង្គម្ចាស់ផ្យាណយ ចាប់យកនាងទៅកាន់ រាជដំណាក់ទាំងការគំរាមកំហែង ហើយបានផ្លាស់ប្តូរឈ្មោះរបស់នាងថាប៉ាងគីយ៉ាវិញ។

តាម៉ាកថឺង កើតទុក្ខមិនសុខ ចិត្តយ៉ាងខ្លាំង ហើយក៏ឡើងទៅប្តឹង ផ្តល់ដល់ស្តេចផែនដី ដើម្បីរកយុត្តិធម៌។ ព្រះបាទព្រហ្មទត្ត ក៏បានចាត់ចែងមន្រ្តី ខាងយុត្តិធម៌រៀបចំ កាត់ក្តីឲ្យតាម៉ាកថឺង។ មន្រ្តីយុត្តិធម៌បានតម្រូវឲ្យតាម៉ាកថឺង និងព្រះអង្គផ្យាណយ សែងស្គរធំមួយដោយនៅក្នុងស្គរនោះមានបង្កប់ក្មេងជំទង់មួយដើម្បីលបស្តាប់អ្នកទាំងពីរនិយាយគ្នា។ លើកទី២ តាម៉ាកថឺង និងនាងម៉ឺយចឺង ជាអ្នកសែងស្គរវិញម្តង។ នៅពេលដឹងហេតុសព្វគ្រប់បែបយ៉ាងហើយ មន្រ្តីយុត្តិធម៌បានកាត់ក្តីថានាងម៉ឺយចឺងពិតជាប្រពន្ធរបស់តាម៉ាកថឺងប្រាកដមែន រីឯព្រះអង្គម្ចាសផ្យាណយគឺជាចោរលួចប្រពន្ធគេ។ នៅពេលដឹងថាព្រះរាជបុត្រារបស់ខ្លួនត្រូវមានទោសដូច្នោះ ព្រះបាទព្រហ្មទត្តមិនអាចធ្វើតាមមន្រ្តីយុត្តិធម៌បានទេ ហើយក៏ប្រើអំណាចសម្រេចដោយឲ្យនាងប៉ាងគីយ៉ាបានមកព្រះអង្គផ្យាណយ ហើយសម្លាប់តាម៉ាកថឺងចោល។ នៅពេលឮដូច្នោះហើយ នាងម៉ឺយចឺងក៏បានដកស្នៀតសក់ចាក់សម្លាប់ខ្លួន។ តាម៉ាកថឺង និងប្រពន្ធម៉ឺយចឺងបានស្លាប់ទាំងអយុត្តិធម៌។

រឿងម៉ាកថឺង (ថៃ) ថៃបានទទួលស្គាល់ថារឿងម៉ាកថឺងនេះគឺជារឿងរ៉ាវរបស់ជនជាតិមនភូមា ដែលជាផ្នែកមួយនៃពង្សាវតារភូមា រឿងរាជាធិរាជត្រង់ឈុតផៈយ៉ាណយប្រពាតផ្សារ។ រឿងនេះត្រូវបានក្រុមសិល្បៈ របស់ថៃ យកមកថតជាភាពយន្ត និងសម្តែងជាល្ខោន តាំងពីដើមរហូតដល់សម័យនេះ។ រឿងកុនជាសខ្មៅថត ពីរឿងនេះដំបូង នៅក្នុងឆ្នាំ១៩៣៥ ដែលដឹកនាំដោយ ហ្លួងអនុរក្សរដ្ឋការ។

សង្ខេបរឿង
ព្រះអង្គម្ចាស់ផៈយ៉ាណយជារាជបុត្ររបស់ព្រះបាទដំរីសដែលជាស្តេចផែនដីនៃនគរមនភូមាមានចរិតកោងកាច និងយកតែចិត្តខ្លួនឯង ដែលជាហេតុធ្វើឲ្យព្រះបិតាមិនសូវពេញព្រះរាជហឬទ័យប៉ុន្មានទេ។ ថ្ងៃមួយអាមាត្ររបស់ ព្រះអង្គផៈយ៉ាណយមកទូលថាមានស្រីស្អាតមួយរូបឈ្មោះម៉ឺយចឺងជាអ្នកលក់ទឹកអប់ប្រេងម្សៅនៅឯផ្សារក្នុងស្រុកតាកឺង។ ផៈយ៉ាណយចង់ឃើញរូបនាងក៏បានរៀបចំដំណើរទៅប្រពាតផ្សារ ហើយក៏បានបាក់ចិត្តស្រឡាញ់នាងដកចិត្តមិនរួច។ នាងម៉ឺយចឺងបានបដិសេធយ៉ាងដាច់អហង្ការជាមួយនឹងផៈយ៉ាណយព្រោះថាខ្លួនមានស្វាមី រួចទៅហើយឈ្មោះថាម៉ាក់ថឺង។
ព្រះអង្គម្ចាស់ផៈយ៉ាណយ ដែលមាននិស្ស័យចង់បាន អ្វីត្រូវតែបាននោះ បានគំរាមថាបើនាង មិនព្រមទាំងទៅជាមួយទេ ខ្លួននឹងធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ម៉ាក់ថឺង ដែលជាស្វាមី។ នាងម៉ឺយចឺង គ្មានមធ្យោបាយ ឯណាផ្សេង ក្រៅពីយល់ព្រមតាម ព្រះអង្គម្ចាស់ផៈយ៉ាណយ ទៅវាំងនោះទេ។ នៅក្នុងក្រឡាបន្ទុំរបស់ផៈយ៉ាណយ នាងម៉ឺយចឺងតែងតែអង្គុយយំ នឹកប្តីជារៀងរាល់ថ្ងៃ។ អាមាត្រៗបានណែនាំឲ្យ ផៈយ៉ាណយ ចាប់បង្ខំនាងម៉ឺយចឺង ហើយពួកខ្លួន នឹងទៅលួងលោមម៉ឺយចឺង រហូតបានជោគជ័យ រហូតដល់នាងយល់ព្រម ជាមួយ ផៈយ៉ាណយ។ និយាយពីម៉ាកថឺង បានដើររកភរិយា រហូតដល់ក្នុងវាំង ហើយថ្វាយដីកាប្តឹង ដល់ព្រះចៅដំរីសពីការ បាត់ប្រពន្ធ។ នៅពេលហៅនាងម៉ឺយចឺង មកក្នុងសវនាការ នាងម៉ឺយចឺង បានឆ្លើយថាខ្លួន បានយល់ព្រមមកតាម ព្រះអង្គម្ចាស់ផៈយ៉ាណយ ដោយពេញចិត្ត ធ្វើឲ្យម៉ាកថឺងឈឺ ចិត្តយ៉ាងខ្លាំង។ ស្តេចផែនដី បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់ម៉ាកថឺង ហើយអនុញ្ញាតឲ្យនាងម៉ឺយចឺង ធ្វើជាស្នំឯក របស់ព្រះអង្គម្ចាស់ផៈយ៉ាណយ រហូតមក។

ពង្សាវតារមនភូមា ៖ ព្រះចៅរាជាធិរាជ ព្រះចៅរាជាធិរាជ មានព្រះនាមដើមថា ផៈ យ៉ាណយ គឺជាមហាក្សត្រមន នៃរាជវង្សហង្សាវត្ដី ដែលបានសោយរាជ្យ ពីចន្លោះឆ្នាំ១៣៨៤ ដល់ ១៤២១។ ព្រះអង្គត្រូវបានគេចាត់ទុកថា ជាមហាក្សត្រ ដែលអង់អាចក្លាហាន និងបានបង្រួបបង្រួម ទឹកដីភូមា ដែលនិយាយភាសាមនបាន។ រឿងរ៉ាវនានាក្នុងរជ្ជកាល របស់ព្រះអង្គ ត្រូវបានចងក្រងជា ពង្សាវតារបុរាណ របស់ភូមា ទាំងជាភាសាមន និងភូមា ហៅថាពង្សាវតា ព្រះចៅរាជាធិរាជ។ ផ្នែកខ្លះនៃពង្សាវតារ ត្រូវបានកែឆ្នៃឲ្យក្លាយទៅជា រឿងនិទាន និងវីរកថា ហើយមានឥទ្ធិពលនៅក្នុងតំបន់ ដែលរួមទាំងថៃ កម្ពុជា និងឡាវផងដែរ ។

ជាក់ស្តែងរឿងម៉ាកថឺងនេះ គឺជាផ្នែកមួយនៃពង្សាវតារនេះ ដោយគេដកស្រង់ចេញតែ ពីវគ្គព្រះអង្គម្ចាស់ ផ្យាណយ ប្រពាតផ្សារតែប៉ុណ្ណោះ។ តួអង្គទាំងអស់សុទ្ធតែ មានពិតប្រាកដ នៅក្នុងប្រវត្តិសាស្រ្តភូមា។

ប្រភព៖ ហ្វេសប៊ុក Mao Vutha

LEAVE A REPLY

Please enter your comment!
Please enter your name here