ខួបទី១៥៨! កាកបាទក្រហម អំពាវនាវឲ្យពលរដ្ឋ ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជម្នះគ្រាលំបាកនេះទាំងអស់គ្នា

0
9

ភ្នំពេញ៖ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម បានអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ៣ការពារ និង៣កុំ ដើម្បីជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា។

ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង៣កុំ។ សូមបងប្អូនជ្រាបថា ការចូលរួមដ៏សកម្មពីបងប្អូន ក្នុងការអនុវត្តរាល់វិធានការសុខាភិបាល គឺជាប្រការដ៏សំខាន់បំផុត នាំឱ្យយើងជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា”។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែង នៃការរាលត្បាតជាសកលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកផង និងឆ្លើយតបទៅនឹង សភាពការណ៍បច្ចុប្បន្ននៅកម្ពុជាផង កាកបាទក្រហមកម្ពុជា សូមប្តេជ្ញាចិត្តក្នុងការបំផុសកម្លាំងឱ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ អនុវត្តវបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល វិធានរដ្ឋបាលនានា និងជាពិសេសពង្រឹងយុទ្ធនាការ ៣ការពារ ៣កុំ ២ចូលរួម និងបន្តរួមកម្លាំងគ្នាជាចរន្តជាតិមួយ ក្នុងការជំនះគ្រប់ឧបសគ្គ ដើម្បីប្រក្រតីភាពជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ តាមគន្លងថ្មី និងកសាងភាពធន់របស់សង្គមជាតិ។

ជាងនេះទៅទៀត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានលើកឡើងពីបេសសកម្មការងារមនុស្សមនុស្សធម៌បន្ដ ដែលបានដាក់ចេញដើម្បីអនុវត្ដបន្ដ សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជាសកលជំងឺកូវីដ-១៩ និងផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ បានត្រៀមទុកជាមុននូវមធ្យោបាយជាសម្ភារ ស្បៀង និងថវិកាសម្រាប់និរន្តរភាព ដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ-១៩ ការអប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀនបន្សាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះមហន្តរាយឱ្យបានប្រសើរជាងមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here