អាជ្ញាធរខេត្តព្រៃវែង រកឃើញវិជ្ជមានកូវីដ១៩លើស្ត្រីម្នាក់ ទើបត្រឡប់មកពីតំបន់ក្រហម នៅភ្នំពេញ

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅស្រុកមេសាង ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកមេសាង។

អាជ្ញាធរខេត្តបន្ថែមថា អ្នកជំងឺមានឈ្មោះ ចុន ជីន ភេទស្រី អាយុ ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម) ជាកម្មការនីរោងចក្រកាត់ដេរបានមកដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ដំបូងឡើយ អ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅនៅបន្តឡើងក្តៅដដែល​​ ហេតុនេះលោកគ្រូពេទ្យបានបញ្ជូនគាត់ ទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បីពិនិត្យបន្ថែម។ ពេលនោះ ដោយមានការសង្ស័យខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស ( Rapid Test ) ជាលទ្ធផលគឺវិជ្ជមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងដាក់ចេញវិធានការនានា ដើម្បីថែទាំសុខភាព និងទប់ស្កាត់កុំអោយមានការចម្លងបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here