WhatsApp នឹងបិទមុខងារមួយចំនួន ប្រសិនបើលោកអ្នកមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីរបស់ក្រុមហ៊ុន

0
10

ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន WhatsApp បានផ្សព្វផ្សាយនូវលក្ខខណ្ឌថ្មី ដែលតម្រូវឱ្យអ្នកប្រើប្រាស់ត្រូវតែឯកភាពចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនទៀតជាមួយក្រុមហ៊ុនរបស់ពួកគេមានដូចជា Facebook, Facebook Payments, Onavo, Facebook Technologies និង CrowdTangle ចាប់ផ្ដើមពីពាក់កណ្ដាលខែឧសភា ដើម្បីអាចបន្តប្រើប្រាស់កម្មវិធីនេះបាន។

ជាមួយនឹងលក្ខខណ្ឌថ្មីដែលបានកែសម្រួលក្រុមហ៊ុនបានបញ្ជាក់ថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ ដំបូងក្រុមហ៊ុននឹងបន្តផ្ញើសារក្រើនរំឭកឱ្យអ្នកប្រើប្រាស់ឯកភាពនឹងលក្ខខណ្ឌថ្មី។ បន្ទាប់មកក្រុមហ៊ុននឹងបិទមិនឱ្យអ្នកប្រើប្រាស់អាចចូលទៅក្នុងបញ្ជីសារ (Chat list) ប៉ុន្តែពួកគេអាចបន្តអាន ឬផ្ញើសារបានតាមរយៈ Notification និងអាចទទួលការហៅចូលបានមួយរយៈតូច។ ប្រសិនបើលោកអ្នកនៅតែមិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មីនោះ គណនីរបស់លោកអ្នកនឹងឈប់ដំណើរការទាំងស្រុង ហើយប្រសិនបើគណនីណាមិនមានដំណើរការក្នុងរយៈពេល ១២០ថ្ងៃ ក្រុមហ៊ុននិងបិទគណនីទាំងនោះចោល។

គួរបញ្ជាក់ដែរថា កាលពីដើមឆ្នាំនេះក្រុមហ៊ុន WhatsApp បានដាក់ចេញនូវលក្ខខណ្ឌថ្មី ដោយភ្ជាប់មកជាមួយនូវពាក្យពេចន៍ព្រមានខ្លាំងៗថា ប្រសិនបើអ្នកប្រើប្រាស់មិនឯកភាពជាមួយនឹងលក្ខខណ្ឌថ្មី ក្រុមហ៊ុននឹងលុបគណនីរបស់ពួកគេចោលទាំងស្រុង ដែលនេះបានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនបានឈប់ប្រើប្រាស់កម្មវិធីនេះ ហើយងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម។

ប្រសិនបើលោកអ្នកមានបំណងចង់ឈប់ប្រើនិងលុបកម្មវិធី WhatsApp ចោល លោកអ្នកគួរតែធ្វើការទាញយកប្រវត្តិទិន្នន័យពីក្នុងកម្មវិធី មុននឹងលុបវាចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here