អាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណ នៅព្រះលានជល់ដំរី

0
9

ភ្នំពេញ៖ ក្នុងការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្វែងយល់ពីពីរចនាសម្ពន្ធ និងដំណាក់កាលនៃការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង និងការវិវឌ្ឍរបស់រចនាសម្ពន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីទៅតាមយុគសម័យនីមួយៗ។

យោងតាមអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ពន្ធបុរាណជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំង ទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ពន្ធសំណង់ផ្សេងៗជាច្រើនទៀត។

ពិសេសជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនា ឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័ន្តទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ ព្រមទាំងមានស្នាមដានជើងសសរឈើដែលបញ្ជាក់ថាមានសំណង់អំពីឈើឫហៅថា រោងទោងអំពីឈើប្រក់ក្បឿងនៅតាមបណ្តោយផ្លូវប្រវែងជិត៨០ម៉ែត្រ។

លោក ខៀវ ច័ន្ទ បុរាណវិទូនិងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ប្រហែលជារាជព្រះបាទយសោវរ្ម័ន (ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។

ចំពោះទបង្ហូរទឹក (លូបង្ហូរទឹក) បុរាណដែលទើបរកឃើញថ្មីនេះ លោក ខៀវ ច័ន្ទ បញ្ជាក់ថា បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រនិងទទឹងមុខសម្រាប់ទឹកហូរ០,២ម៉ែត្រនិងមានបណ្តោយ៦ម៉ែត្រ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើត ដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។

លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនីមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើង នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឱ្យមានប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមានរន្ធត្រដេវនៅទិសឦសានសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនៅទិសនិរតីសម្រាប់បង្ហូរទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។

ក្រៅពីនេះព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។ ព្រះលាននេះត្រូវបានសាងឡើងនៅចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន្ត។ នៅទីនេះ បុព្វបុរសខ្មែរបានសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបីនិងមានពីរជាន់។ នៅលើខឿននេះដើមឡើយមានអគារសាងពីឈើប្រក់ក្បឿង តែសព្វថ្ងៃយើងមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន៣គឺ បឹងតាតួតនៅទិសឦសាន្ត បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here