ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។
ជនត្រូវចោទទាំង២នាក់មានឈ្មោះ៖ ថែល រិទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅបច្ចប្បន្នភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងឈ្មោះ ឯម អំ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ជនសង្ស័យ ត្រូវបានមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ របស់ដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ខណ:កំពុងធ្វើសកម្មភាពកាប់រំលំដើមឈើ និងអារជ្រៀកឈើស្រឡៅជាច្រើនដើម រួមជាមួយវត្ថុតាងរណារយន្តចំនួន១គ្រឿង និងម៉ូតូកែច្នៃចំនួន ១គ្រឿង នៅចំណុចគីឡូម៉ែត្រលេខ១៦៣ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្នុងយុត្តាធិការស៊ើបសួរ៕




