ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់បានស្នើសុំទៅអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោល រាល់ការចុះហត្ថលេខា ឬការបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារ ធនធានធម្មជាតិ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះទាំងអស់។
យោងតាមលិខិតរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងបានរកឃើញរដ្ឋបាល ឃុំ-សង្កាត់មួយចំនួននៅតែបន្ត ចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិត ផ្ទេរ សិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់។
ក្នុងលិខិតដដែលបានបន្តថា ដើម្បីទប់ស្កាត់និងបដិសេធចោលនូវអនុភាពនានាលើឯកសារទាំងនោះ អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការ ដោយបដិសេធនិងមោឃភាពចោលរាល់លិខិត ឬឯកសារទាំងឡាយដែលមានការពាក់ព័ន្ធនឹងការកាន់កាប់និងការផ្ទេរសិទ្ធិទាំងឡាយណានៅលើដីធ្លី ស្ថិតក្នុងតំបន់ការពារធម្មជាតិ៕