ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីជំនាញរកឃើញដាក់លក់ នៅតាមបណ្តាផ្សារមួយចំនួនក្នុងខេត្តចំនួន២

0
9

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង និងផ្សារចំការចេក ក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋម រួមមាន៖ ប្រហិតសាច់គោ ណែមសាច់ត្រី ត្រីងៀត បង្គា មឹក ខ្ញីហាន់ ជ្រក់ស្ពៃ នំបញ្ចុក សរសៃគុយទាវ (តូច-ធំ) ពពុះសណ្ដែក និងអាល់កុល ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនរួមមាន៖
– អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ១១ដប ស្មើនឹង ៥.៥លីត្រ
– ពពុះសណ្ដែក មានផ្ទុកសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ២គីឡូក្រាម។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល៕

LEAVE A REPLY

Please enter your comment!
Please enter your name here