ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនបានឲ្យដឹងថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
លោកបានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូង ដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។
ប៉ុន្តែក៏នៅទាបជាងសភាពការណ៏មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។
គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ រួមមាន៖ ខេត្តកំពត ១០,៩៤២ នាក់, ខេត្តបាត់ដំបង ៧,៧១០ នាក់, ខេត្តកំពង់ស្ពឺ ៥,៩១៣នាក់, ខេត្តសៀមរាប ៤,៧៤២ នាក់, ខេត្តកែប ៤,៣០៤នាក់, ខេត្តកំពង់ចាម ៣,០៩៥នាក់, ខេត្តព្រះវិហារ ២,០០៣នាក់, ខេត្តព្រះសីហនុ ១,៩៨៤នាក់។
លោក ថោង ខុន បន្តថា ប្រជាពលរដ្ឋទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរ ដែលខុសពីរយៈពេល ២ សប្តាហ៍កន្លងមក ភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់។ បណ្តាខេត្តដែលមានអត្រាទាបនៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្តក៏បានដើរកម្សាន្តកាន់តែច្រើននៅតាមរមណីយដ្ឋាននានាក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើន គឺជាភ្ញៀវទេសចរដែលទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូចក្នុងចំណោមមិត្តភ័ក្ត ពិសេសក្រុមយុវជន ដែលបានជ្រើសការធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងព្រេង ដែលជាកន្លែងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព៕