ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ ទីតាំង ផ្ទះចំនួន១៤ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១តទៅ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ ហឿល សុភាព រដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូល ទីតាំង ផ្ទះចំនួន១៤ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង កាលពីថ្ងៃទី២-៤ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបន្តថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ ទីតាំង ផ្ទះចំនួន១៤ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងស្រុកប្រាសាទបាគង ត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើការ ទីតាំងពាក់ព័ន្ធដូចមានតារាងជូនភ្ជាប់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកប្រាសាទបាគង ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕