អភិបាលខេត្តកំពង់ស្ពឺ ប្រកាសមិនលើកលែង ចំពោះទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលទាត់កញ្ច្រែងអ្នកលក់ព្រីង

0
10

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសមិនលើកលែងចំពោះទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលទាត់កញ្ច្រែងអ្នកលក់ព្រីងណ្ដាលឱ្យកំពប់ទៅលើដី ។

ការប្រកាសរបស់លោកបែបនេះធ្វើឡើងបន្ទាប់ពីមាន ការចែកចាយរូបភាពលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនិង សន្តិសុខផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

លោក វ៉ី សំណាង បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះយ៉ាងដូច្នេះថា​ ” ក្រោយពីបានឃើញ ហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ”។

អភិបាលខេត្តកំពង់ស្ពឺរូបនេះបញ្ជាក់ថា” បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ”។

ព្រមជាមួយគ្នានេះដែរ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី លោក វ៉ី សំណាង បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក និងសូមសំណូមពរយ៉ាង ទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here