ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី ក្រោយរកឃើញថា ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩។
បើតាមសេចក្តីសម្រេចរបស់របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទីតាំងចំនួន ៣នេះរួមមានដូចខាងក្រោម៖
ទី១៖ ផ្ទះលក់បាយ-បបរ ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
ទី២៖ ផ្ទះសំណាក់បាយ័ន្តថ្មី ស្ថិតនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
និងទី៣៖ ហាងបោកអ៊ុតយក្សា ស្ថិតនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបញ្ជាក់ថា ការបិទជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ នុម ដុង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរចែកចាយពូជពោត និងជីកសិកម្ម (ក្រុមហ៊ុនគោខ្មែរ) មានជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ និងបានពាក់ព័ន្ធទីតាំងទាំ ៣កន្លែងខាងលើ៕