ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានកំណត់ឲ្យអាជីវករ សន្ដិសុខ បុគ្គលិ-កម្មករ អតិថិជនដែលចេញចូលផ្សារទាំងអស់ ក្រោយបើកដំណើរការឡើងវិញ នៅថ្ងៃទី២៤ ខែឧសភាត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ១.៥ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ បើមិនដូច្នេះទេនឹង ពិន័យពី២០ម៉ឺនទៅ១លានរៀល។
ក្នុងសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងបន្ថែមថា” អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។ ក្នុងករណីមិនពាក់ម៉ាស់ ឬពាក់ម៉ាស់មិនបានត្រឹមត្រូវ ឬមិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ ចំពោះបុគ្គលល្មើស ក្នុងកម្រិតទឹកប្រាក់ពិន័យអន្ដរការណ៍ចន្លោះពី ២០ម៉ឺនរៀល ដល់១លានរៀល”។
ក្នុងនោះផងដែរ អភិបាលរាជធានីភ្នំពេញ ក៏បានហាមឃាត់ដាច់ខាតការជួបជុំប្រមូលផ្ដុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណីមានការជួបជុំប្រមូលផ្ដុំមនុស្សខុសពីការណែនាំនេះ នឹងត្រូវអនុវត្តការផាកពិន័យជាបន្ទាន់៕