ភ្នំពេញ÷ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា ទោះប្រើពេលជិតកន្លះខែក្នុងការដឹកស្វាយចេញពីកម្ពុជាទៅកាន់ចិនក៏គុណភាពស្វាយ នៅតែរក្សាបានស្ថានភាពដើម បានល្អប្រពៃដដែល។
តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុន បានលើកឡើងយ៉ាងដូច្នេះថា”បើទោះបីបានប្រើប្រាស់ពេលវេលាពីរសប្តាហ៍ក្នុងការដឹកជញ្ជូនស្វាយស្រស់ចេញពីកម្ពុជាទៅកាន់គោលដៅប្រទេសចិន យ៉ាងណា ក៏ដោយ ក៏គុណភាពផ្លែស្វាយកែវល្មៀតកម្ពុជា នៅតែរក្សាបានស្ថានភាពដើមរបស់បានល្អប្រពៃដដែល មិនទុំ និងរលួយ ដូចបានបង្ហាញនៅរូបភាពខាងក្រោម “។
សូមរំលឹកថា ក្រសួងកសិកម្ម បានសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា រៀបចំពិធីសម្ពោធជាផ្លូវការ ក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន១៣ថ្ងៃ ទើបទៅដល់គោលដៅ។
ផ្លែស្វាយស្រស់កម្ពុជា គឺជាផ្លែឈើស្រស់ទី២ បន្ទាប់ពីផ្លែចេកស្រស់ ដែលអាចនាំចេញ ទៅប្រទេសចិនដោយផ្ទាល់។ នេះគឺជាសមិទ្ធិផលផ្លែផ្កាថ្មីមួយទៀត ដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្ពុជា និងចិន៕