ឃាត់ខ្លួនមនុស្ស៥នាក់ ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយគេចវេះមិនផ្ដល់សំណាក

0
10

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានឃាត់ខ្លួនបុគ្គល៥រូប ជាកម្មករបម្រើការងារនៅរោងចក្រ ហ្សីជាងហុមភ័ញ ហ្វើនីឈ័រ ឯ.ក នៃតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយគេចវេះមិនអនុវត្តកាតព្វកិច្ចសហការ ជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក មកធ្វើការសាកសួរ អប់រំណែនាំ និងពិន័យអន្តរការណ៍។

បុគ្គលទាំងនោះមានឈ្មោះដូចខាងក្រោម៖

១-ឈាត សល់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង

២-ញ៉ ប៊ុននឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង

៣-គង់ សៀវលី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសចេ ជាង

៤-ឃុន តឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង

៥-សាំង សីហា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសចេ ជាង

បន្ទាប់ពីធ្វើការសាកសួរ អប់រំណែនាំ និងពិន័យអន្តរការណ៍រួចមក កំលាំងកងរាជអាវុធហត្ថបានបញ្ជូនបុគ្គលទាំង៥រូបខាងលើ ទៅផ្តល់វត្ថុសំណាកនៅវេទិកា ៧មករា ដើម្បីធ្វើតេស្តវិភាគរកមេរោគកូវីដ-១៩។

យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២១ ៖ បុគ្គល (ដែលមានកាតព្វកិច្ចត្រូវផ្ដល់វត្ថុសំណាក) ដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល ។

ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឲ្យបុគ្គដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឲ្យមន្ត្រីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។
ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជៀសផុតពីការទទួលទណ្ឌកម្មតាមផ្លូវច្បាប់ សូមបងប្អូនដែលមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ខាងលើ រាយកាណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីផ្តល់វត្ថុសំណាកឲ្យទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here