ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ កម្ពុជាបាននាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន
បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន ៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០ ហ.ត, ទទួលបានផលសរុប ២,៩៣ លានតោន លើសឆ្នាំទៅចំនួនជាង ៣០០ ០០០ តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤,៥៣៥ តោន/ហ.ត។ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបាន ២៧,១៣% នៃផែនការ ២,៦០៩ លាន ហ.ត លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ ហ.ត ។
រដ្ឋមន្ត្រីកសិកម្មបន្ថែមថា ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤,១៣៦ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១,១១៧ លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមាន៖
-ការនាំស្រូវចេញបានចំនួន ១,៦០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
-ចំណិតដំឡូងមី ១,២០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
-គ្រប់ស្វាយចន្ទី ០,៨០ លាន តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
-គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
-សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
-ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
-ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
-ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
-ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
-ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
-ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
-ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន។
ក្នុងឱកាសនោះលោក រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំក្រោមឱវាតក្រសួងទាំងអស់បន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅតាមមុខព្រួញទទួលខុសត្រូវ និងការចុះបំពេញភារកិច្ចនៅតាមបណ្តាខេត្ត ដោយត្រូវប្រកាន់ខ្ចាប់នូវវិធានការរបស់សុខាភិបាល ៣ ការពារ និង៣កុំ ជាប់ជានិច្ច៕