ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែងបានឲ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ មានក្នុងស្រុកទាំង៦ រួមមាន៖ ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកស៊ីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។ រីឯប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២២នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។
ជាមួយគ្នានោះរដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩នេះប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅមន្ទីរពេទ្យដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ក្នុងនោះបើមានអាការៈប្លែកគួរអោយសង្ស័យសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ (៣ការពារ ៣កុំ)៕