ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ WhatsApp បានប្ដឹងរដ្ឋាភិបាលឥណ្ឌាទាក់ទងទៅនឹង ច្បាប់អ៊ីនធឺណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំនេះ ដោយទាមទារឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គម ត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅឱ្យរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ។
WhatsApp បានចោទប្រកាន់រដ្ឋាភិបាលនៅក្នុងពាក្យបណ្ដឹងថា ផ្នែកមួយនៃច្បាប់អ៊ីនធឺណិតថ្មី ដែលការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើគឺជា ការរំលោភលើសិទ្ធិឯកជនភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ end-to-end encryption អស់ប្រសិទ្ធភាពហើយនិងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន។ ប៉ុន្តែរដ្ឋាភិបាលអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ ប្រភពអ្នកផ្ញើសារបានដោយមិនចាំបាច់ ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ end-to-end encryption ឡើយ។
គួរបញ្ជាក់ដែរថា ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារ ច្បាប់នេះក៏ទាមទារឱ្យក្រុមហ៊ុនត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីតុលាការចេញដីកា រៀបចំប្រព័ន្ធដើម្បីឆ្លើយតបនិងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាសអាភាស បានដោយស្វ័យប្រវត្តិ៕