ផ្ទុះមីនតោន ស្លាប់១នាក់និងរបួសធ្ងន់១នាក់ ក្នុងស្រុកសំឡូត

0
6

ភ្នំពេញ៖ បុរសពីរនាក់បើកគោយន្តត្រឡប់ពីចំការ តាមផ្លូវឡានចាស់សម័យសង្គ្រាម ជាន់មីនតោន ផ្ទុះស្លាប់១នាក់និងរបួសធ្ងន់១នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ២៧ខែឧសភា នៅចំណុច ចំការចេកក្រោម ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូតខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ខាងលើ ម្នាក់មានឈ្មោះ ប៊នសុគា ភេទប្រុសអាយុ២៧ឆ្នាំ ស្លាប់បាត់បង់ជីវីត និង ម្នាក់ទៀតឈ្មោះ ហង់ សីហ័រ អាយុ២៦ឆ្នាំ រងរបួសមុខ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះទាំងពីរបានជិះគោយន្តទៅកាត់ស្មៅចំការថ្មី ដែលទើបធ្វើឆ្នាំនេះ ស្ថិត ក្បែរទីតាំងកើតហេតុខាងលើ លុះមានភ្លៀង រលឹម ជនរងគ្រោះទាំងពីរ បានបើកគោយន្ត ត្រឡប់មកផ្ទះវិញ កាត់តាមផ្លូវឡានចាស់ក្នុងសម័យសង្គ្រាម ដែលផ្លូវនេះទុកចោលមិន មានអ្នកបើកឆ្លងកាត់នោះទេ ក៏បណ្តាលអោយជាន់មីនតោនផ្ទុះឡើងតែម្តង ។ ដោយតៃកុងគោយន្តបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយ ខ្ទាតធ្លាក់ពីលើគោយន្ត ហើយក្រោកប្រឹងរត់មកប្រាប់អ្នកភូមិពីហេតុការណ៍ រួចខ្លួនក៏ល្ងិត មុខដួលសន្លប់តែម្តង និងត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង។

ក្រោយកើតហេតុ សមត្ថកិច្ចនិងអ្នកភូមិ បានទៅពិនិត្យទីតាំង ហើយបានបញ្ជូនសពជនរងគ្រោះ ទៅគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here