ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអះអាងថាបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។
តាមរយៈគេហទំព័រហ្វេសប៊ុក លោករដ្ឋមន្រ្តីកសិកម្មឲ្យដឹងបន្តថាសព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។
ទន្ទឹមនឹងនេះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។
ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ។
ដោយបានពិនិត្យឃើញ ដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងត្រៀមរៀបចំដាក់ចេញនូវគោលនយោបាយដូចតទៅ៖
– រៀបចំផែនការ និងទិសដៅពង្រីកការដាំដំណាំទុរេន និងដំណាំឈើហូបផ្លែ ដែលមានសក្តានុពលសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។
– បង្កើតស្ថានីយបង្កាត់ និងផលិតពូជទុរេននិងដំណាំហូបផ្លែដែលពេញនិយមសម្រាប់ផ្គត់ផ្គង់ដល់កសិករដើម្បីងាយស្រួលដាក់លក់នៅលើផ្សារក្នុង និងក្រៅប្រទេស។
– អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីជួយសម្រួលដល់ខ្សែច្រវាក់ផលិតកម្មដំណាំទុរេន និងដំណាំហូបផ្លែផ្សេងទៀត
– បណ្តុះបណ្តាលបច្ចេកទេសដាំដុះទំនើប រួមទាំងបច្ចេកទេសមុននិងក្រោយប្រមូលផលដល់អ្នកដាំដុះឱ្យស្របតាមស្តង់ដារសុវត្ថិភាព ឆ្លើយតមនឹងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។
– ចងក្រងសហគមន៍ផលិតដំណាំទុរេន និងដំណាំហូបផ្លែដើម្បីជំរុញផលិតកម្មស្របតាមស្ដង់ដារសនិងតម្រូវការទីផ្សារ។
– លើកទឹកចិត្តដល់វិស័យឯកជនក្នុងការបង្កើតការវិនិយោគ ដើម្បីជំរុញខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។
– រៀបចំបង្កើតសហព័ន្ធកសិឧស្សាហកម្មកម្ពុជា ដើម្បីគាំទ្រ លើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងកសិធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕