កម្ពុជា នាំចេញអង្ករទៅក្រៅប្រទេសបានជាង២៣ម៉ឺនតោន ក្នុងរយៈពេល៥ខែ ឆ្នាំនេះ

0
9

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេស ចំនួន ២៣៣ ០៣១តោន ថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញ ៥ខែ កាលពីឆ្នាំ២០២០ ចំនួន ៣៥៦ ០៩៧ តោន។

លោក វេង សាខុន បានលើកឡើងតាមរយៈ ហ្វេសប៊ុកនាថ្ងៃទី៣១ ខែឧសភាថា ផ្អែកតាមប្រ ព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា រយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៤ ១៨៧ ២៥៧,៤៣ តោន ទៅកាន់ទិសដៅ ៥៧ ប្រទេស គឺមានការកើនឡើង ចំនួន១ ៩៧៥ ៥៤៧,៥៦ តោន ស្មើនឹង ៨៩,៣២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ២១១ ៧០៩,៨៧ តោន។

លោក បញ្ជាក់ថា “បរិមាណអង្ករនាំចេញមានចំនួន ២៣៣ ០៣១តោន មានការថយចុះចំនួន ១២៣ ០៦៦ តោន (-៣៤,៥៦%) បើធៀបនឹងបរិមាណនាំចេញក្នុង រយៈពេល៥ខែឆ្នាំ២០២០ ដែលមានចំនួន ៣៥៦ ០៩៧ តោន”។

លោកបន្ដថា អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប ចំនួន២០ប្រទេស មានបរិមាណសរុប ចំនួន ៥៥ ១៨៨តោន (២៣,៦៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១២០ ៨៣៤តោន (៥១,៨៦%) ទិសដៅអាស៊ានចំនួន ៥ប្រទេស មានបរិមាណសរុបចំនួន ២១ ៨៤៨តោន (៩,៣៨%) និងទិសដៅដទៃទៀតចំនួន១៩ប្រទេស មានបរិមាណសរុប ៣៥ ១៦១តោន (១៥,១%)

លោក បន្ថែមថា ក្រុមហ៊ុនដែលបាននាំចេញអង្ករមាន ចំនួន ៥៤ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ១៦៨ ៥១១តោន (៧២,៣១%) និងក្រុមហ៊ុន៤៤ដទៃទៀតបាននាំចេញត្រឹមតែ ៦៤ ៥២០តោន (២៧,៦៩%)។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានលើកឡើងថា ការនាំចេញស្រូវមានចំនួន ១ ៦១៤ ២១១តោន ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម និងប្រទេសអារ៉ាប់រួម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៨៥៥ ២០២,៥២តោន) ដែលមានការកើនឡើងចំនួន ៧៤៨ ១២៩តោន(៨២%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ៨៨៥ ១៨៦ តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here