ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២វិនិយោគលើរោងចក្រកែច្នៃផ្លែស្វាយនិងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤តម្លៃជិត៩០លានដុល្លារនិងបង្កើតការងារជាង១ពាន់កន្លែង។
បើតាមCDCក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគចំនួន២នោះរួមមាន៖
១- CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង។
២- CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង៕