ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន៤,៧៧៤នាក់ ធ្លាក់ចុះ៩៨.៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ១៩៧,២០៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៩១ភាគរយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះបានឲ្យដឹងថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែឧសភា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ២៤៦នាក់ ធ្លាក់ចុះ៨៦.១៥ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ៩,៩៩២ដុល្លារអាមេរិក ធ្លាក់ចុះ៨៦.១៣ភាគរយ។
ប្រភពបន្ថែមថា ក្នុងខែឧសភានេះផងដែរ គឺថវិកាចំនួន ៤៩២ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៥ខែ គឺមានចំនួន ៩,៥៤៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕