ផ្អាកការជួបជុំ និងសកម្មភាពអាជីវកម្មមានហានិភ័យខ្ពស់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

0
8

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍សាលារាជធានីភ្នំពេញបានចេញសេចក្តីសម្រេច ដោយប្រកាសផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឲ្យលើសពី១៥នាក់ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចេញផ្សាយកាលពីថ្ងៃទី២ មិថុនា បានកំណត់ដូចខាងក្រោម៖
-ត្រូវបានដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
-ក្នុងអំឡុងពេល នៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
– អាជីវកម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។

ក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៣១៤៦០នាក់ អ្នកជាសះស្បើយចំនួន២៤០៤២នាក់ និងស្លាប់ចំនួន២៣០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here