ភ្នំពេញ៖ បុរស២នាក់ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រគរ កាលពីពេលវេលាម៉ោង ៦ ល្ងាចថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២១ស្ថិតនៅត្រង់ ភូមិសានសរ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ខណ:ជនរងគ្រោះកំពុងនាំគ្នាសង់រោងធ្វើអំពីឈើសម្រាប់ចាំស្រែហើយមេឃកំពុងតែមានភ្លៀងលាយឡំនឹងផ្គររន្ទះផងនោះ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសាររន្ទះបាញ់នោះមានឈ្មោះឃា សាមឿន ភេទប្រុសអាយុ ៣១ ឆ្នាំមុខរបរជាកសិករ និង ឈ្មោះពេជ្រ ប៌ុនធឿន ភេទប្រុសអាយុ ៣២ ឆ្នាំមុខរបរជាកសិកររស់នៅក្នុងភូមិឃុំកើតហេតុ។
ក្រោយសមត្ថកិច្ចចុះពិនិត្យ និង ធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុរួចហើយ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


