ភ្នំពេញ៖ រដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនអាជីវករផ្សារគគីរទាំងអស់ ដែលមានតូប ឬសំយ៉ាប ដែលសងរំលោភលើផ្លូវសាធារណ: សូមរួសារាន់រុះរើដោយខ្លួនចេញឱ្យអស់មុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះបើមិនដូច្នោះទេ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
តាមរយ:សេចក្ដីជូនដំណឹងកាលពីថ្ងៃទី២ មិថុនាកន្លងទៅ អាជ្ញាធរស្រុកកៀនស្វាយលើកឡើងថាម្ចាស់ទីតាំងដីឡូតិ៍ និងបងប្អូនអាជីវករដែលលក់ដូរនៅតាមដងផ្លូវសាធារណ:ដែលបានសាងសង់តូប រាន លើចំណីផ្លូវ នៅមុខការិយាល័យរបស់រដ្ឋ ដែលបង្កផលប៉ះពាល់ដល់សណ្ដាបធ្នាប់សាធារណ: ដោយកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានលក់ដូរលើខឿននិងខ្លះទៀតលក់រហូតដល់លើផ្លូវសាធារណា:របស់រដ្ឋថែមទៀតផង។
រដ្ឋបាលស្រុកសង្កត់ធ្ងន់ថា” សូមជូនដំណឹងដល់អាជីវករទាំងអស់សូមរុះរើតូប គ្រែ រោង របាំង និងបញ្ឈប់ការលក់ដូរលើខឿន ឬចំណីផ្លូវសាធារណ:ឲ្យបានមុនថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ ២០២១ជាកំហិត។ករណីមិនគោរពតាមការណែនាំនេះអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន”។
ចំពោះម្ចាស់ទីតាំងដីឡូតិ៍ដែលមានបំណងចង់សាងសង់តូប រាន សម្រាប់ជួលឲ្យអាជីវករលក់ដូរត្រូវមានច្បាប់អនុញ្ញាតជាមុនសិន៕
