សាលារៀន២កន្លែងនៅជាប់ព្រំដែនកម្ពុជា-ថៃក្នុងខេត្ដបាត់ដំបង នឹងក្លាយជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩

0
13

ភ្នំពេញ៖ អាជ្ញាធរខេត្ដបាត់ដំបងបានសម្រេចយកសាលារៀនចំនួន២កន្លែងនៅជាប់ព្រំដែន ធ្វើជាទីតាំងសម្រាប់ឱ្យអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាល ក្នុងនោះសាលាវិទ្យាល័យកំរៀង ស្ថិតក្នុងស្រុកកំរៀង បានរៀបចំរួចរាល់ និងសាលាអនុវិទ្យាល័យជ្រៃសីមា ស្ថិតក្នុងស្រុកសំពៅលូនកំពុងរៀបចំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្ដបាត់ដំបងមានការកើនឡើងគួរជាការព្រួយបារម្ភ។

នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្ដបាត់ដំបង តំណាងឱ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យរៀបចំទីតាំងសម្រាប់សំរាកព្យាបាលអ្នកជំងឺកូវីដ-១៩ នៅព្រំដែន ចំនួន ២កន្លែង ក្នុងស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកប្រធានការិយាល័យស្រុកប្រតិបត្តិស្រុក កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។

យោងតាមប្រភពដដែលបានឱ្យដឹងថា នៅក្នុងដំណើរពិនិត្យទីតាំងសម្រាប់សំរាកព្យាបាលអ្នកជំងឺកូវីដ-១៩ នៅស្រុកព្រំដែនទាំងពីរខាង បានសម្រេចយកទីតាំងវិទ្យាល័យកំរៀង ដែលស្ថិតនៅស្រុកកំរៀង ចំនួន ១កន្លែង និងត្រៀមរៀបចំមួយកន្លែងទៀត នៅអនុវិទ្យាល័យជ្រៃសីមា ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

គូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះខេត្តបាត់ដំបង បានរកឃើញអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទាំងអ្នកពាក់ព័ន្ធជាមួយបព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករដែលបានវិលត្រឡប់ពីប្រទេសថៃ គឹតត្រឹមថ្ងៃទី០៤ ខែមីថុនា ឆ្នាំ២០២១នេះមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥២នាក់ បានព្យាបាលជាសះស្បើយចំនួន ១១៩នាក់ ករណីស្លាប់ ២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២៣១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here