រឿងក្រៅឆាក៖ មានអ្វីនៅពីក្រោយដំណើរទស្សនកិច្ចត្រីកោណរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍?

0
7

ដំណើរទស្សនកិច្ចបីប្រទេសក្នុងតំបន់អាស៊ានរបស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាបានបង្កប់នូវនយោបាយបន្សាបឥទ្ធិពលចិននិងហ៊ុំព័ទ្ធចិនដែលជាកេរតំណែលសល់ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីល ឡារី ស្តីពីតុល្យភាពរវាងអាមេរិកនិងចិននៅក្នុងតំបន់និងជាពិសេសនៅប្រទេសកម្ពុជាកាលពីមួយទសវត្សរ៍មុន (ឆ្នាំ២០១០)។

ពិតណាស់ស្ថានភាពភូមិសាស្រ្តនយោបាយតំបន់បច្ចុប្បន្នមិនដូចគ្នាទាំងស្រុងទៅនឹងសករាជលោក អូបាម៉ា នោះទេ តែអាមេរិកក៏មិនទាន់ហួសពេលដើម្បីប្រជែងឥទ្ធិពលរបស់ខ្លួនជាមួយចិននោះដែរ។ តាមរយៈការតាមដាននយោបាយពីក្រៅឆាក ខ្ញុំសាកល្បងធ្វើការកត់សំគាល់ខ្លះៗអំពីដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រីមកកាន់ប្រទេសឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ដូចតទៅ៖

ក្នុងចំណោមបណ្ដាប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ ទោះបីកម្ពុជាតូច តែភូមិសាស្ត្រនយោបាយមិនអាចឲ្យអាមេរិកមើលរំលងឡើយ។ ដើម្បីរំលេចពីខ្លឹមសារនិងអ្វីដែលអាមេរិកចង់បាននៅពេលនេះ សូមតាមដានទាំងអស់គ្នាថាអាមេរិកបានលើកនិងពិភាក្សាអ្វីខ្លះនៅក្នុងប្រទេសទីមួយៗ។

ឥណ្ឌូនេស៊ី៖ ជាប្រទេសទី១ដែលលោកស្រី Sherman បានឈានជើងចូលមុនគេ ហើយថ្លែងថាប្រទេស មួយនេះបាន “ប្តេជ្ញាចិត្តខិតខំក្នុងគោលបំណងធ្វើឲ្យប្រទេសភូមាត្រឡប់ទៅរកមាគ៌ាឆ្ពោះទៅរកអនាគតប្រជាធិបតេយ្យដឹកនាំដោយជនស៊ីវិល”។ លោកស្រីបានបន្តថាគាត់បានចូលរួមក្នុង “កិច្ចពិភាក្សាតុមូលជាមួយលេខាធិការដ្ឋានអាស៊ាននិងតំណាងអចិន្រ្តៃយ៍អាស៊ានទាំង១០។ ខ្ញុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតួនាទីស្នូលអាស៊ាន ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក សណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាតម្រូវការបន្ទាន់ដើម្បីដោះស្រាយវិបត្តិនៅភូមា”។ (ភូមា‌!!!)

ដោយឡែកនៅប្រទេសថៃ លោកស្រីបានថ្លែងថា “ថៃជាសម្ព័ន្ធមិត្តនិងជាដៃគូដ៏យូរលង់របស់អាមេរិក។ យើងបានពិភាក្សាពីសារៈសំខាន់នៃការធ្វើការជាមួយគ្នាដើម្បីជំរុញភាពរុងរឿងសន្តិសុខ និងគុណតំលៃរួមគ្នារបស់យើងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងក៏បាននិយាយអំពីបញ្ហាដែលត្រូវបានចែករំលែករួមទាំងសម្ព័ន្ធមិត្តអាមេរិក-ថៃ ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសន្តិសុខនិងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស”។ (បញ្ឆិតបញ្ឆៀងឲ្យថៃ ក៏ដូចជាភូមា‌ដែលជាប្រទេសជាប់របងជាមួយថៃ!)

ចុះនៅកម្ពុជាវិញលោកស្រីបានលើកអ្វីខ្លះ?
នៅថ្ងៃបញ្ចប់នៃដំណើរទស្សនកិច្ចបីប្រទេស លោកស្រីបានថ្លែងថា “នៅប្រទេសកម្ពុជា ខ្ញុំមានការសន្ទនាដោយត្រង់ជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន អំពីទិសដៅដែលប្រទេសកំពុងដឹកនាំ រួមមានវត្តមានរបស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាម ក៏ដូចជាសិទ្ធិមនុស្សនិងកំណត់ត្រាប្រឆាំងប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំបានទទូចឲ្យរដ្ឋាភិបាលបើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាពនៅមុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣”។ លោកស្រី ក៏បានអះអាងថា សហរដ្ឋអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជានៅក្នុងតួនាទីរបស់ខ្លួនជាប្រធាននៃសមាគមអាស៊ាននៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជាអាចដើរតួនាទីប្រកបដោយន័យស្ថាបនានៅក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗនៅក្នុងតំបន់ដូចជា បញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។ លោកស្រីបានអំពាវនាវឲ្យកម្ពុជា ក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន កំណត់ឲ្យរបបយោធាភូមាមានការទទួលខុសត្រូវចំពោះការឯកភាពគ្នាជាឯកឆន្ទលើ៥ចំណុចរបស់អាស៊ានដែលមានបំណងដោះស្រាយវិបត្តិដែលកំពុងកើតមាននៅប្រទេសភូមា។
(វិលចូលភូមាទៀត!)

ពិតណាស់មានរឿងរ៉ាវជាច្រើនទៀតដែលលោកស្រីបានពិភាក្សាក្នុងជំនួបរយៈពេលពីរម៉ោងជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ក្នុងចំណោមបញ្ហាទាំងនោះ ការមន្ទិលសង្ស័យរបស់អាមេរិកពីវត្តមានយោធាចិននៅរាម (ខេត្តព្រះសីហនុ) គឺជាប្រធានបទដ៏ក្តៅគគុកដែលអាមរិកបន្តលើករហូតធ្វើឲ្យមន្រ្តីកម្ពុជានិយាយថា “ធុញ ហើយជ្រេញ” ។ លោកស្រីក៏បានស្នើឱ្យមានទស្សនកិច្ចអនុព័ន្ធយោធាអាមេរិកទៅកាន់រាមដែលនាយករដ្ឋមន្រ្តីកម្ពុជាបានស្វាគមន៍និងអនុញ្ញាតឲ្យទៅមើល។ ត្រង់ចំណុចនេះធ្វើឲ្យគេគិតថា បើសិនជាគ្មានភស្តុតាងថាមានចិននៅរាមមែន ពេលនោះក៏ជាឱកាសសម្រាប់កម្ពុជាដើម្បីលាងនូវក្តីមន្ទិលសង្ស័យដែលអូសបន្លាយរាប់ឆ្នាំមកហើយ ប៉ុន្តែក៏មានការចោទជាសំណួរថាតើអាមេរិកនឹងបញ្ឃប់ការចោទប្រកាន់ឬក៏នឹងលេចចេញអ្វីថ្មីទៀត?

នៅក្នុងជំនួបដដែល គេអត្ថាធិប្យាយថាលោកស្រី Sherman មាឌមិនធំទេតែសម្តី “ថ្លោស” ហើយតែងយកឈ្មោះប្រធានាធិបតី ចូ បៃឌិន មកពាំងដើម្បីឲ្យមានទំងន់ពាក្យដែលគាត់និយាយ។ សង្ខេបឲ្យខ្លីអ្វីដែលអាមេរិកចង់បានគឺទប់ស្កាត់ចិន និងហ៊ុំព័ទ្ធចិន។ សម្រាប់ពលរដ្ឋសាមញ្ញគេប្រដូចចិននាពេលនេះទៅនឹងស្តេចប្រដាល់អាស៊ីមួយរូបគឺ ម៉ានី ប៉ាកគីអាវ (Manny Pacquaio) ដែលបានផ្តួលកំពូលអ្នកប្រដាល់អាមេរិកម្តងមួយៗស្ទើរចង់អស់ទៅហើយ។ ក្នុងបរិបទស្រដៀងគ្នានេះ ឥទ្ធិពលចិនក៏កំពុងលាតសន្ធឹងធំៗទៅស្ទើរគ្រប់ទ្វីបទាំងអស់ដែលធ្វើឲ្យអាមេរិកព្រួយបារម្ភ។

កម្ពុជាទទួលបានសន្លឹកបៀថ្មី៖
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានផ្ញើរលិខិតមួយសន្លឹកជូននាយករដ្ឋមន្រ្តី ហ៊ុន សែន។ គេនាំគ្នាសន្និដ្ឋានថា នេះជាសន្លឹកបៀថ្មីមួួយសម្រាប់កម្ពុជា ហើយខ្លឹមសារលិខិតដែលត្រូវឆ្លើយតបទៅវិញអាចជារបត់នយោបាយការបរទេសថ្មីរបស់កម្ពុជាចំពោះអាមេរិក។ សន្លឹកបៀថ្មីនេះអាចបង្កប់នូវសារនយោបាយមួយផ្ញើទៅចិនផងដែរដើម្បីឲ្យពិចារណាថាតើត្រូវជួយកម្ពុជាទាំងដងសន្ទូចឬត្រឹមអ្វីដែលកំពុងផ្តល់ឲ្យ?

អំពីគណបក្សនយោបាយ៖ ជំនួបរបស់លោកស្រី Sherman ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់មកជាមួយនូវលិខិតរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្វើឲ្យមតិមួយចំនួនប៉ាន់ស្មានថាជាទស្សនកិច្ចដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា ជាពិសេស “ទំនាក់ទំនងដែកថែបកម្ពុជា-ចិន”។ ក្រោយពីជួបជាមួយសម្តេច ហ៊ុន សែន អស់រយៈពេល២ម៉ោង ភ្លាមៗនោះលោកស្រី Sherman ក៏បានបង្វែងដានទៅជួបលោក កឹម សុខា ស្ងាត់ៗបាន២០នាទីទៀត ដោយគ្មានប្រាប់ម្ចាស់ផ្ទះមួយម៉ាត់ឡើយ។

តើគាត់ជួបលោក កឹម សុខា នៅឯណានិងនិយាយពីអ្វី?
ក្រោយពីលោកស្រី Sherman ប្រកាសថាបានជួបលោក កឹម សុខា ភ្លាម ធ្វើឲ្យគេឆ្ងល់ថាជំនួបនោះធ្វើនៅស្ថានទូតអាមេរិក ឬក៏នៅគេហដ្ឋានរបស់លោក កឹម សុខា? ក្រោយមកទើបដឹងថាធ្វើនៅនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិកនៅក្បែរវិមានឯករាជ្យឯណោះទៅវិញទេ។ តាមបែបពិធីការការទូត គេវិភាគថាការជួបនៅនិវេសនដ្ឋានរបស់ទូត ជាកម្រិតមួយទាបជាងធ្វើនៅស្ថានទូត ឬនៅគេហដ្ឋានរបស់លោក កឹម សុខា នោះក៏ប្រហែលដោយសារតែលោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយនោះឯង។ នៅក្នុងជំនួប លោកស្រីបាន ពិភាក្សាពីសារ:សំខាន់រួមគ្នាមួយចំនួនរួមទាំងការធានានូវអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព អធិបតេយ្យភាព និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។

ការជួបលោក កឹម សុខា ជះឥទ្ធិពលដល់គណបក្សកាន់អំណាចដែរឬទេ?
ទន្ទឹមនឹងការវាយតម្លៃនានាតាមការយល់ឃើញបែបប្រជាធិបតេយ្យ ក៏មានមតិមួយចំនួនបានវិភាគឃើញថា ការជួបសង្គមស៊ីវិល និងលោកកឹម សុខា ជាការប្រថាប់ត្រានៃការទូតប្រជាធិបតេយ្យរបស់អាមេរិក ផ្ទុយទៅវិញលិខិតរបស់ប្រធានាធិបតី ចូ បៃឌិន ទៅវិញទេដែលជាវិញ្ញាសារធំសម្រាប់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រោះពេលនេះអាមេរិកត្រូវការនិយាយជាមួយកម្ពុជា ទទួលស្គាល់តួនាទីសំខានរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះពីរជុំគឺ៖ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នៅចុងឆ្នាំនេះដែលមានមេដឹកនាំធំៗរហូតដល់៥៣រូបចូលរួម និងកិច្ចប្រជុំអាស៊ានមួយឆ្នាំពេញ២០២២ ខាងមុខនេះ។

ឥរិយាបទលោកស្រី Wendy Sherman ពេលជួបជាមួយសម្តេច ហ៊ុន សែន និងជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា
សូមមើលពីសម្លៀកបំពាក់ និងរបៀបសំពះ…

ចូលដល់ខ្លឹមសារក្រោយវាំងនននៃជំនួប៖ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី Sherman បានប្រើពាក្យមួយចំនួនជុំវិញបញ្ហាតំបន់ ដែលកម្ពុជាចាត់ទុកថាជា “ការគំរាមកំហែង” មួយ រហូតធ្វើឲ្យមន្រ្តីជាន់ខ្ពស់មួយរូបរបស់កម្ពុជាប្រតិកម្មថា ការថ្លែងបែបនេះសឹងធ្វើឲ្យកម្ពុជាគិតដល់ “ជាពេលវេលាជិតឈានដល់ជំហរមួយដែលយើងចង់ចៀសវាងបំផុត គឺត្រូវជ្រើសរើសខាងណា”។ ការថ្លែងប្រតិកម្មបែបនេះ ក៏ដោយសារនៅក្នុងជំនួបលោកស្រី Sherman បានបន្តនិទានរឿង “រាំបទសារ៉ាវ៉ាន់” ដោយសម្តែងក្តីព្រួយបារម្ភអំពីវត្តមានយោធារបស់ចិននិងការសាងសង់អគារនៅឯមូលដ្ឋានទ័ពជើងទឹករាម។ លោកស្រីបានស្នើសុំការបំភ្លឺអំពីការវាយកម្ទេចអគារដែលឧបត្ថម្ភថវិកាដោយអាមេរិកចំនួនពីរនៅរាមដែលលោកស្រីថាគ្មានការជូនដំណឹងឬការពន្យល់ឡើយ ហើយបន្ថែមទៀតថាឥរិយាបទបបែបនេះរបស់កម្ពុជានឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់ខ្លួន គំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។

តើកម្ពុជាឆ្លើយយ៉ាងដូចម្តេច?
កម្ពុជាបានឆ្លើយបញ្ជាក់ថា កម្ពុជាបានជូនដំណឹងដល់អនុព័ន្ធយោធារបស់អាមេរិកនៅខែកក្កដាឆ្នាំ២០១៩ អំពីការផ្លាស់ប្តូរទីតាំងគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រដើម្បីអនុញ្ញាតឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការពង្រឹងសន្តិសុខនៅទីនោះ។ ហេតុផលគឺទីតាំងនោះមានទំហំតូច គ្មានកន្លែងចូលចត ពុំអាចពង្រីកបន្ថែមបាន និងការលំបាកសម្រាប់បុគ្គលិកធ្វើការចេញចូលនៅក្នុងតំបន់ដែលត្រូវបានហាមឃាត់។

តើកម្ពុជាត្រៀមខ្លួនធ្វើឲ្យទំនាក់ទំនងល្អប្រសើរជាងមុនដែរទេ?
កម្ពុជាបានបញ្ជាក់ថា តែងតែចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ឧទាហរណ៍ជាច្រើនដែលត្រូវបានលើកមកអះអាងដូចជា៖ ការផ្តល់ដីដ៏ល្អសម្រាប់ស្ថានទូតអាមេរិកនៅកណ្តាលទីក្រុងភ្នំពេញ សហប្រតិបត្តិការដ៏ល្អផ្នែកមនុស្សធម៌ស្តីពីទាហានអាមេរិកបាត់ខ្លួន។ ល។ និង ។ល។ ជុំវិញសំណួរអំពីទំពក់ទំនាក់ទំនងពិសេសរវាងកម្ពុជានិងអាមេរិក មន្រ្តីជាន់ខ្ពស់ខាងលើបានថ្លែងថា ស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសពីរ ជាធម្មតាពឹងផ្អែកលើភាគីទាំងពីរ។ “វាត្រូវការពីរនាក់ដើម្បីអាចរាំបទតុងហ្គោបាន (tango)”។ ប៉ុន្តែស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសធំមួយនិងប្រទេសតូចមួយគឺពឹងផ្អែកខ្លាំងទៅលើប្រទេសដែលខ្លាំងជាងនិងធំជាង ជាក់ស្តែងក្នុងបរិបទអាមេរិក-កម្ពុជា គឺស្ថិតនៅលើ “អ្នកខ្លាំងនិងអ្នកដែលធំជាង មានន័យថា បើយើងបោះដៃទៅគេមិនទទួលក៏ទៅមិនរួចដែរ”។

ត្រឡប់មករឿងមូលដ្ឋានទ័ពជើងទឹកនៅរាមវិញ!
កម្ពុជាបានបង្ហាញរួចទៅហើយដោយផ្តល់នូវការធ្វើទស្សនកិច្ចនៅក្នុងបរិវេណយោធា ដែលគ្មានប្រទេសអធិបតេយ្យណាមួយអនុញ្ញាតឲ្យធ្វើដូចនេះទេ ព្រោះវាជាបញ្ហាសន្តិសុខជាតិ។ យោងតាមមន្រ្តីជាន់ខ្ពស់ខាងលើ ក្នុងពេលជួបជាមួយ Wendy Sherman លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការចោទប្រកាន់ស្តីពី “កិច្ចព្រមព្រៀងសម្ងាត់” រវាងកម្ពុជានិងចិនទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹកនៅរាម ដែលពេលនោះសម្តេច ហ៊ុន សែន បានស្នើផ្ទុញឲ្យភាគីអាមេរិកបង្ហាញនូវកិច្ចព្រមព្រៀងសម្ងាត់នោះ តែលោកស្រី Sherman ឆ្លើយថា “យើងមិនមានទេ ប៉ុន្តែយើងបានឃើញ!”។

កម្ពុជា ជាមួយមហាអំណាចទាំងពីរ៖
អាមេរិកចាត់ទុកកម្ពុជាថាជាកូនជឹងរបស់ចិន ចំពេលដែលប្រទេសចិនអះអាងថាទំនាក់ទំនងនិងមិត្តភាពរបស់ចិនជាមួយកម្ពុជាមានភាពរឹងមាំដូច “ដែកថែប”។ មិត្តភាព “ដែកថែប” ជាភាសាមួយដែលចាប់ផ្តើមពេញនិយមនៅប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងអាមេរិកក៏បានប្រកាសដូចគ្នាថាកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយអ៊ីស្រាអែលគឺរឹងមាំដូច “ដែកថែប”។ អំពីសេដ្ឋកិច្ចវិញ ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកក្នុងឆ្នាំ២០២០ មានចំនួនទឹកប្រាក់ ៦,៦ ពាន់លានដុល្លារ ចំណែកទៅកាន់ប្រទេសចិនមានត្រឹម ១,០៨ ពាន់លានដុល្លារប៉ុណ្ណោះ។ រីឯជំនួយវិញ អាមេរិកបានជួយកម្ពុជា១១លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២០ សម្រាប់ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈប្រទេសចិនបានជួយរហូតដល់៥០០លានដុល្លារ។

អាមេរិកចង់បានអ្វីនៅពេលនេះ?៖
មន្រ្តីជាន់ខ្ពស់ខាងលើយល់ថា អាមេរិកចង់ដាក់ទណ្ឌកម្មលើប្រទេសមួយដោយគ្រាន់តែផ្អែកលើមូលដ្ឋាននៃការចោទប្រកាន់របស់គេ ទោះជា “ពិតឬមិនពិត” ក៏ដោយ។ “អាមេរិកបានកុហកពិភពលោកទាំងមូលអំពីអាវុធបំផ្លាញលោកនៅអ៊ីរ៉ាក់ដើម្បីកម្ចាត់សាដាម ហ៊ូសេន។ ពួកគេអាចកុហកម្តងទៀតដើម្បីដាក់ទណ្ឌកម្មកម្ពុជាដោយគ្រាន់តែកម្ពុជាមានភាពជិតស្និទ្ធជាមួយនឹងចិន”។

ដោយ៖ ពុយ គា អត្ថបទរឿងរ៉ាវក្រៅឆាកនេះ មិនមែនជាការបញ្ចេញមតិឬការវិភាគរបស់អ្នកនិពន្ធឡើយ តែជាការដកស្រង់នូវខ្លឹមសារពីកិច្ចពិភាក្សា និងការដកស្រង់សំដីដើមនៃប្រភពព័ត៌មាន រួចចងក្រងជាវគ្គខ្លីៗដើម្បីឲ្យអ្នកអានងាយយល់ ហើយពិចារណាដោយខ្លួនឯង ព្រោះអ្នកនិពន្ធពុំបានធ្វើសំយោគសេចក្តីឬខ្លឹមសារអ្វីឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here