ភ្នំពេញ៖ អាជ្ញាធរខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា ការក្រើនរំលឹក ធ្វើឡើងបន្ទាប់ពីភូមិសាស្ត្រក្នុងស្រុកទាំងពីរ មានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងចំនួនច្រើននារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
រដ្ឋបាលខេត្តខេត្តសៀមរាប បញ្ជាក់ថា ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦នាក់ហើយ។ ដែលក្នុងនោះស្រុកសូទ្រនិគម ៣១នាក់ និងស្រុកជីក្រែង ៣៥នាក់ ដែលជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញា ច្បាស់លាស់អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។
ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានណែនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្រ្តនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តនូវវិធានការមួយចំនួនផងដែរ។
សូមរំលឹកថា គិតមកដល់ពេលនេះខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០៥នាក់។ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៨៣នាក់ ស្លាប់ ២នាក់ និង ១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕