ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៦នាក់ ភាគច្រើនជាអ្នកស្រុកជីក្រែង និងសូទ្រនិគម ជាពិសេសអ្នកបម្រើការងារនៅហាងពិភពធម្មជាតិ ចំនួនដែលការរកឃេីញនេះមានរយៈពេល៣ថ្ងៃ មាននៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាបដែលមានកើនឡើងជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងមិនដែលធ្លាប់មាននៅក្នុងខេត្តសៀមរាប។
លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា ដោយសារតែអ្នកវិជ្ជមានកូវីដ-១៩នៅតំបន់នេះ មានការកើនឡើងជាបន្តបន្ទាប់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចឲ្យរដ្ឋបាលស្រុកយកទីតាំងវិទ្យាល័យដំដែក ស្ថិតនៅក្នុងទីរួមស្រុកសូទ្រនិគម ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមកពីស្រុកចំនួន៣ជាប់ព្រំប្រទល់គ្នា គឺសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ។ គិតមកដល់ពេលនេះ អាជ្ញាធរស្រុកបានរៀបចំកន្លែងរួចរាល់ហើយដែលជំហានដំបូងនេះ ទីតាំងនេះអាចដាក់អ្នកជំងឺបានចំនួន ៦០នាក់។
លោកបានបន្តថា ដោយសារតែអ្នកពាក់ព័ន្ធមានច្រើន ដូចនេះក្រុមគ្រួពេទ្យ បានចុះទៅយកសំណាកពួកគាត់នៅតាមគោលដៅនីមួយៗ ដោយមិនឲ្យពួកគាត់ប្រមូលផ្តុំគ្នាច្រើននោះទេ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរមិនទាន់សម្រេចបិទភូមិណាមួយនៅឡើយទេ ដោយសម្រេចបិទតែតាមតំបន់មួយចំនួនដែលមានការប៉ះពាល់ប៉ុណ្ណោះ ព្រោះនៅតំបន់ជនបទអ្នកភូមិរស់នៅឆ្ងាយៗពីគ្នា។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការឆ្លងរាលដាជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកសូទ្រនិគម និងស្រុកជីក្រែង សរុបចំនួន៦៦នាក់ (ស្រុកសូទ្រនិគម៣១នាក់ និង ស្រុកជីក្រែង៣៥នាក់) ដែលករណីនេះ គឺជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់ អំពីប្រភព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នៅឡើយ។
រដ្ឋបាលខេត្តសៀមរាប សូមបន្តអំពាវនាវដលលប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលកំពុងមានក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដោយត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ”៣កុំ ៣ការពារ” និងអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ៕