ស្វែងយល់អំពីមុខងារសំខាន់ៗមួយចំនួន ដែលក្រុមហ៊ុន Apple នឹងដាក់បញ្ចូលជាមួយនឹងកម្មវិធី iOS 15

0
2

ភ្នំពេញ÷ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បាន ប្រកាសនូវប្រព័ន្ធប្រតិបត្តិការជាច្រើនសម្រាប់ឧបករណ៍បច្ចេកវិទ្យាមានដូចជា iPhone, iPad និង Apple Watch ជាដើមដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ។

ដោយសារតែមានអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាយើងជាច្រើនកំពុងតែប្រើប្រាស់ទូរសព្ទ iPhone នោះ នាយកដ្ឋានសូមបង្ហាញនូវមុខងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនបានបន្ថែមទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 15៖

១-សម្រាប់កម្មវិធីស្វែងរកឧបករណ៍ (Find My app) ក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ ដឹងអំពីទីតាំងចុងក្រោយ បើទោះបីជាទូរសព្ទរបស់ពួកគេត្រូវបានបិទក៏ដោយ។ ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកបានបើកប្រើមុខងារ Activation Lock កម្មវិធីនេះនឹងនៅតែអាចបន្តផ្ដល់ទីតាំងថ្មីបើទោះបីជា អ្នកដែលទទួលបានទូរសព្ទរបស់លោកអ្នកបានលុបចោលទិន្នន័យទាំងអស់ដែលមាននៅក្នុងទូរសព្ទក៏ដោយ។

២-ប្រសិនបើលោកអ្នកកំពុងតែបង់លុយដើម្បីប្រើកម្មវិធី iCloud ក្រុមហ៊ុនបានបន្ថែមមុខងារ iCloud‌ Private Relay ដែលនឹងអុីនគ្រីបរាល់ទិន្នន័យទាំងអស់ដែលលោកអ្នកបញ្ជូនទៅ iCloud។ Apple នឹងប្រើក្រុមហ៊ុនឯកជនដើម្បីបង្កើត និងគ្រប់គ្រងអាសយដ្ឋាន IP បណ្ដោះអាសន្នក្នុងពេលបញ្ជូនទិន្នន័យ ដូច្នេះសូម្បីតែក្រុមហ៊ុន Apple ក៏ពុំបានដឹងអំពីអាសយដ្ឋាន IP នេះផងដែរ។ ប៉ុន្តែមុខងារនេះនឹងពុំមាននៅក្នុងប្រទេសមួយចំនួនមានដូចជា China, Belarus, Colombia, Egypt, Kazakhstan, Saudi Arabia, South Africa, Turkmenistan, Uganda, និង Philippines ដោយសារតែច្បាប់របស់ប្រទេសទាំងនោះ។

៣-ជាមួយ iOS 15 លោកអ្នកអាចប្រើកម្មវិធី FaceTime ដើម្បីធ្វើការទំនាក់ទំនងបានយ៉ាងទូលំទូលាយជាងមុន បើទោះបីជាអ្នកប្រើប្រាស់ខ្លះពុំមានប្រើឧបករណ៍របស់ក្រុមហ៊ុន Apple ដោយលោកអ្នកគ្រាន់តែបង្កើតតំណភ្ជាប់ហើយពួកគេអាចចូលរួមបានតាមរយ: web browser។

៤-ប្រសិនបើលោកអ្នកកំពុងតែប្រើទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 14 ហើយលោកអ្នកពុំមានបំណងចង់ធ្វើបច្ចុប្បន្នភាពកម្មវិធីទៅជំនាន់ iOS 15 នោះ លោកអ្នកអាចបន្តប្រើប្រព័ន្ធប្រតិបត្តិការចាស់បាន ហើយក្រុមហ៊ុន Apple នឹងបន្តផ្ដល់ការធ្វើបច្ចុប្បន្នភាពកម្មវិធីទាក់ទងទៅនឹងសុវត្ថិភាពរបស់ប្រព័ន្ធប្រតិបត្តិការនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here