មហាអំណាចចិន ប្រកាសផ្គត់ផ្គង់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ចំនួន៥លានដូស ដល់កម្ពុជាក្នុងខែមិថុនានេះ

0
8

ភ្នំពេញ៖ មហាអំណាចចិនបានប្រកាសផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន៥លានដូសទៀត នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ដោយក្នុងនោះ៥០ម៉ឺនដូសជាជំនួយ និង៤.៥លានដូស ជាការបញ្ជាទិញខណៈវ៉ាក់សាំងចំនួន១លានដូសដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីក្រុមហ៊ុនចិនបានដឹកមកដល់កម្ពុជាកាលពីម្សិលមិញផងដែរ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១បានឲ្យដឹងថាការប្រកាសផ្តល់ជំនួយនិងផ្គត់ផ្គង់វ៉ាក់សាំងនេះបានធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅក្រុងឆុងឈីង ប្រទេសចិន នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

ក្នុងជំនួបនោះតាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាលោក ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថានឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។
ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ។

រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្រោយជំនួបពិភាក្សាការងារ ប្រមុខការទូតទាំងពីរ ក៏បានអញ្ជើញ ចូលរួមជាសក្ខីភាព ក្នុងការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ចំនួន២ រួមមាន៖
១.គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌និងទេសចរណ៍ចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៥។ ឯកសារខាងលើនេះ បានរៀបចំផែនការយ៉ាងលម្អិត សម្រាប់កិច្ចសហប្រតិបត្តិការវិស័យ វប្បធម៌ក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ។
២.អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទូរគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ភាគីទាំងពីរបានឯកភាពរួមគ្នា ក្នុងការដោះស្រាយ ហានិភ័យនិងបញ្ហាប្រឈម នៃបណ្តាញអ៊ីនធើណេត និងសន្តិសុខទិន្នន័យ។

ភាគីកម្ពុជាបានបញ្ជាក់សាជាថ្មីនូវការគាំទ្រគំនិតផ្តួចផ្តើម សន្តិសុខទិន្នន័យសកល។
ការចុះហត្ថលេខាលើឯកសារខាងលើ បានបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពសំខាន់និងថ្មីៗ ដែលទទួលបានក្នុងកិច្ចកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសទាំងពីរ។
លោក Wang Yi និង លោក ប្រាក់ សុខុន បានអញ្ជើញសម្ពោធរួមគ្នានូវការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here