ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានិងលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពដើម្បីរៀបចំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានការចូលរួមផ្ទាល់ និងកិច្ចប្រជុំលើកទី៧ នៃកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។
ការឯកភាពគ្នារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសពិសេសអាស៊ាន-ចិន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយលោក ប៊ូយ ថាញ់សឺន ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជាប្រយោជន៍រួម ជាពិសេសការរៀបចំប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០២២ ខាងមុខ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលត្រូវបានពង្រីកនៅក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ការអប់រំ ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើងតាមរយៈមូលដ្ឋានទំនុកចិត្តដ៏រឹងមាំ ការយោគយល់គ្នា សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ។
លោក ប្រាក់ សុខុន បានសម្ដែងនូវការកោតសរសើរយ៉ាងខ្ពស់ចំពោះការផ្ដល់ជំនួយ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្ដែងការពេញចិត្តចំពោះកំណើនគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ទោះបីជួបប្រទះនូវបញ្ហាប្រឈមដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចប្រតិបត្តិការនៅច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តាន់ណាម កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ដោយអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាម ដែលនឹងជួយសម្រួលពាណិជ្ជកម្មឆ្លងដែន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ។
លោក ប្រាក់ សុខុន ក៏បានអញ្ជើញសមភាគីវៀតណាមមកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងទស្សនកិច្ចផ្លូវការមក កាន់កម្ពុជា៕