អត្ថន័យសំខាន់ៗ៥ចំណុច នៃកែវដំណក់ប្រេងដំបូងជានិមិត្តរូប នៃធនធានប្រេងកាតរបស់កម្ពុជា

0
6

ភ្នំពេញ៖ នៅក្នុងឱកាសនាំយកកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ទៅតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំ នូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីអត្ថន័យសំខាន់ៗចំនួន ៥ចំណុច នៃកែវដំណក់ប្រេងដំបូងដែលជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជា។

ក្នុងពិធីប្រគល់ និងទទួលដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា តម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម បានបញ្ជាក់ថា អត្ថន័យសំខាន់ៗនៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរនេះមានដូចជា៖

* ទី១៖ កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេង មានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី២៖ ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៣៖ ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកម្ពស់ ២០សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៤៖ ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៥៖ និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»។

រដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម បានបន្ថែមថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែងដោយ មេរោគរាតត្បាតកូវីដ-១៩នេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាល និងវិនិយោគគិនដែលយើង ទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែងផងដែរ។

សូមរំលឹកថា កម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលថ្ងៃខួបអនុស្សាវរីយ៍លើកទី ២២ នៃការអនុវត្តដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ដែលបាននាំមកនូសន្ដិភាពពេញបរិបូរណ៍ និងឯកភាពជាតិដ៏ពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here