ភ្នំពេញ៖ ក្រវាញ ជាប្រភេទប្រទាលមួយ ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវា សម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់។ល។ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ក្នុងដែនជម្រកសត្វព្រៃភ្នំក្រវាញ និងសំកុស។ ជាទូទៅ សហគមន៍ប្រមូលផ្លែក្រវាញ នៅចុងរដូវវស្សា ដើម្បីហាលទុកប្រើប្រាស់ជាថ្នាំនៅក្នុងគ្រួសារ និងលក់ទៅទីផ្សារ។
ក្រសួងបរិស្ថានបានឲ្យដឹងថា យើងអាចប្រើប្រាស់ផ្លែក្រវាញ តាមរយៈការឆុងជាតែសម្រាប់ទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារផងដែរ។ ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ ៤-៥ ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំរហូតដល់អាយុ ៥០ឆ្នាំ។ តាមការសិក្សានានាបង្ហាញថា ការដាំក្រវាញបានត្រឹមត្រូវតាមបច្ចេកទេស ក្រវាញអាចផ្តល់ផ្លែបានច្រើន។
បច្ចុប្បន្ន ដោយសារមានទីផ្សារកណ្តៀងក្រវាញ (បណ្តូលដើមខ្ចី) សម្រាប់ប្រើប្រាស់ជាបន្លែ សហគមន៍បានផ្តើមកាត់យកកណ្តៀងក្រវាញទៅលក់នៅលើទីផ្សារ។ យើងអាចស្ងោរកណ្តៀងក្រវាញសម្រាប់ប្រើជាអន្លក់ ឬឆាជាមួយប្រេងខ្យង សាច់គោ ។ល។ កណ្តៀងក្រវាញមានរស់ជាតិឆ្ងាញ់ប្រហើរ និងហិរតិចៗ។ សហគមន៍ប្រមូលកណ្តៀងក្រវាញនៅក្នុងខែមេសា-តុលា ហើយមានតម្លៃ១៥ ០០០រៀលក្នុង១គីឡូក្រាម។
ថ្មីៗនេះ ក្រសួងបរិស្ថានបានជំរុញឱ្យគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ចុះរៀបចំសហគមនគោលដៅ ដាំក្រវាញ ដើម្បីយកចូលទីផ្សារនាឆ្នាំខាងមុខៗ៕