ហ្វីលីពីនសន្យាជួយជំរុញបន្ថែម កំណើនទេសចរមកទស្សនាកម្ពុជា ក្រោយស្ថានភាពកូវីដបានធូរស្រាល

0
11

ភ្នំពេញ៖ លោកស្រី Maria Amerita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានសន្យាជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរ មកទស្សនា ក្រោយស្ថានភាពកូវីដ បានធូរស្រាល។នេះបើយោងតាមក្រសួងទេសចរណ៍។

លោកស្រីបានសន្យាបែបនេះក្នុងក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

នាឳកាសនោះលោក ថោង ខុន បានលើកឡើងថា កាលពីដើមឆ្នាំ២០២១នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ Video conference និងបានសម្រេចនូវវិធានការនិងគោលដៅនានា ដើម្បីបើកនូវទេសចរណ៍ នៅក្នុងតំបន់អាស៊ានឡើងវិញ ដោយផ្តោតលើទេសចរ បានចាក់វ៉ាក់សាំងរួចហើយ និងបាន ដាក់ចេញផែនការមួយចំនួនដើម្បីទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយក្នុងនោះមាន ការរៀបចំឱ្យមានផែនការស្តារវិស័យទេសចរណ៍ឡើងវិញ ដោយរៀបចំឱ្យមានជា វិធានសុវត្ថិភាព អនាម័យ ដែលអនុវត្តន៍នៅក្នុងវិស័យឧស្សាហ៍ កម្មទេសចរណ៍អាស៊ានផងដែរ។

លោក ថោង ខុន បានបន្ថែមថា បច្ចុប្បន្ននេះក្រសួងទេសចរណ៍ កំពុងសិក្សានិងរៀបចំឯកសារទស្សនទានស្តីអំពី កញ្ចប់ទេសចរចាក់វ៉ាក់សាំង ក្នុងគោលដៅពិនិត្យលទ្ធភាព សម្រាប់ប្រទេស ដែលមានហានិភ័យទាប បានមកទស្សនានៅតំបន់ក្នុងប្រទេសកម្ពុជា ក្នុងតំបន់ដែលមានសុវត្ថិភាព ដោយគោរពតាមវិធានសុវត្ថិភាពរបស់ប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩នេះ។ ទាំងនេះគឺជាផ្នែកមួយនៃការ ត្រៀមលក្ខណៈ ឈានឆ្ពោះទៅការត្រៀមខ្លួនរបស់កម្ពុជា ទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ខាងមុខផងដែរ។

ក្នុងអំឡុងកិច្ចពិភាក្សាគ្នានោះ លោកស្រី Maria Amerita C. Aquino បានឯកភាព នឹងជួយជំរុញបន្ថែមឱ្យបានកំណើនទេសចរ មកទស្សនា ក្រោយស្ថានភាពកូវីដ បានធូរស្រាល ជាមួយនឹងការជំរុញឱ្យមានការចូលរួមបណ្តុះបណ្តាលលើវិស័យទេសចរណ៍ផងដែរក្រោយស្ថានភាពកូវីដ បានធូស្រាល។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលមានសណ្តានចិត្តល្អ បានចាក់វ៉ាកសាំងទៅដល់ពលរដ្ឋហ្វីលីពីន ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជា និងបានកោតសរសើរពីយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ជំងឺកូវីដ១៩នេះ ផងដែរ ខណៈដែលលោកស្រីជឿជាក់យ៉ាងមុតមាំថាពន្លឺថ្មីនៃការរីកចម្រើនរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជា នឹងរះឡើងក្នុងពេលឆាប់ៗខាងមុខ អាស្រ័យដោយសក្តានុពលដ៏សម្បូរណ៍បែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here