អាណិតណាស់! ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាស្រុកឱរ៉ាល់ ជិៈម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ

0
10

កំពង់ស្ពឺ៖ មន្ត្រីសាលាស្រុកឱរ៉ាល់ ដែលមានតួនាទីប្រធានការិយាល័យច្រកចេញចូលតែមួយ បានជិៈម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ ឧបទ្ទវហេតុនោះបានកើតឡើង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង៩ នាទី ចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកHONDA Dream ផលិតឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-9940 បើកបរដោយឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរមន្ត្រីសាលាស្រុកឱរ៉ាល់ (ប្រធានការិយាល័យច្រកចេញចូលតែមួយ) ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែទៅបុកគោយន្តកន្ត្រៃ១គ្រឿង ពីក្រោយ ម៉ាកKUBOTA កម្លាំង១៤សេស ដឹកអុសក្រាក់ បើកបរដោយជនមិនស្គាល់អត្តសញាណ (គេចខ្លួន) ខណៈកំពុងបើកបរស្របទិសគ្នា បណ្ដាលអោយ អ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ និងម៉ូតូជាប់កន្ទុយរ៉ឺម៉កគោយន្តដឹកអុសក្រាក់ ខូចខាតមួយកំណាត់មុខធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង២ ត្រូវបានចាប់យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here