ភ្នំពេញ៖ លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ ចំពោះគម្រោងស្រូវសត្វត្រយង ដែលអនុវត្តដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលនេះគឺជាការប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលមាននិរន្តភាព ដើម្បីគាំទ្រការអភិរក្សនិងការពារសត្វព្រៃ ព្រៃឈើ និងចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោកបានថ្លែងបែបនេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារសិក្សាស្វែងយល់ពីកិច្ចការពារនិងអភិរក្សធនធាន ធម្មជាតិក្នុងតំបន់នោះក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី ៩-១០ ខែមិថុនាឆ្នាំ ២០២១។
លោក នេត្រ ភក្រ្តា លើកឡើងថា គម្រោងស្រូវត្រយងបានចូលរួមយ៉ាងច្រើនក្នុងកិច្ចការងារអភិរក្សជាពិសេសអភិរក្សសត្វត្រយងយក្ស ត្រយងចង្កំកសដែលកំពុងជិតផុតពូជនៅលើពិភពលោក។ ក្រៅពីនេះវាក៏ គម្រោងស្រូវត្រយងបានរួមចំណែកក្នុងការការពារ ធនធានធម្មជាតិ នឹងអភិរក្សជីវៈចម្រុះនៅកម្ពុជា។
រដ្ឋលេខាធិការក្រសួងបរិស្ថានបន្តថា ប្រជាពលរដ្ឋចូលរួមក្នុងគម្រោងដាំស្រូវសង្រ្គោះសត្វព្រៃនេះ ចាំបាច់ត្រូវគោរពនូវលក្ខខណ្ឌចំនួន ៤ សំខាន់គឺទី១ ការដាំស្រូវរបស់ពួកគាត់មិនត្រូវដាំលើផ្ទៃដីដែលពង្រីកថ្មី ដែលមានន័យថាមិនអនុញ្ញាត្តឱ្យមានទន្ទ្រានកាន់កាប់ដីព្រៃថ្មីទេនោះទេ ទី២ ហាមបរបាញ់សត្វ ទី៣ ហាមកាប់ឈើ និងទី៤ ហាមប្រើប្រាស់ជីគីមីសម្រាប់ការដាំដំណាំស្រូវរបស់ខ្លួន។ គោលការណ៍ទាំង៤នេះគឹជាគ្រឹះ នៃការអនុត្តគម្រោងដាំសង្រ្គោះសត្វព្រៃ។
ចំណែក លោក ផាន់ ស៊ីថាន ជាទីប្រឹក្សាបច្ចេកទេសផ្នែកសហគមន៍នៃអង្គការ WCS បានឱ្យដឹងថា គម្រោងកម្មវិធីស្រូវត្រយងបានអនុវត្តដំបូងនៅឆ្នាំ២០០៨ នៅភូមិត្មាតប៉ើយ ខេត្តព្រះវិហារ ហើយបច្ចុប្បន្នការអនុវត្តគម្រោងនេះនៅខេត្តព្រះវិហារបាន ១៤ភូមិ និងបានពង្រីកទៅស្ទឹងត្រែង ហើយពេលនេះដែរបានពង្រីកដល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
លោកបានបញ្ជាក់ដែរថាក្នុងចុងឆ្នាំ ២០២០និងដើមឆ្នាំ ២០២១នេះគម្រោងស្រូវសង្រ្គោះសត្វព្រៃមានទីផ្សារល្អ។ សម្រាប់នៅខេត្តព្រះវិហារតែមួយ គេទិញបានស្រូវសង្រ្គោះសត្វព្រៃបាន៩០៥តោន។ ស្រូវប្រភេទនេះជាទូទៅគេបានកិនជាអង្ករហើយ ទើបបាននាំចេញនិងមួយចំនួនបានលក់នៅ លើលទីផ្សារទំនើបក្នុងប្រទេសកម្ពុជា។ស្រូវប្រភេទនេះជាទូទៅលក់ជាអង្ករឬផលិតជានំផ្សេងៗទើបនាំចេញ។
លោកបានបញ្ជាក់ថាទីផ្សារស្រូវសង្រ្គោះសត្វព្រៃនេះភាគច្រើននាំទៅកាន់ទីផ្សារអឺរ៉ុបនិងប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថាគម្រោងដាំស្រូវមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរកាកំពុងត្រូវបានអនុវត្តរួមគ្នាដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) សហការជាមួយក្រសួងបរិស្ថាន។ ការបង្កើតគម្រោងនេះដែរ គោលបំណងសំខាន់ ដើម្បីបង្កើនជីវភាពរបស់ប្រជាសហគមន៍ នឹងទប់ស្កាត់ការទន្ទ្រានដីព្រៃមិនឱ្យប្រជាសហគមន៍រុករានចូលក្នុងតំបន់ការពារធម្មជាតិឡើយ៕