ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលឆែកដែលបានយល់ព្រមលុបបំណុលពីកម្ពុជាមួយចំនួនធំ ហើយបំណុលនៅសេសសល់បង្វែរមកជួយ សាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើមវិញ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូតឆែកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀត ក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់ បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម»។
ពាក់ព័ន្ធទៅនឹងបេសកកម្មកាទូត សម្ដេចតេជោ ក៏បានស្នើទូតឆែកថ្មីឲ្យយកចិត្តទុកដាក់ទៅលើការ ជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ បានប្រាប់ទូតឆែកថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹម ខែវិច្ឆិកា ខាងមុខនេះ។
ជាកាឆ្លើយតប ឯកអគ្គរាជទូតឆែកថ្មី ក៏បានសន្យាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ៕