អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្លើយតបបែបនេះ ក្រោយលោក សយ សុភាព ចោទសួរថា តើហ៊ានអនុវត្តច្បាប់ចំពោះ និគមជនវៀតណាមដែរឬទេ?

0
8

ភ្នំពេញ៖ បន្ទាប់ពីចំណាត់ការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយតាមដងទន្លេរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជននោះ លោក សយ សុភាព អ្នកកាសែតជើងចាស់ដែលធ្លាប់ ចេញមុខរិះគន់វៀតណាម បានចោទសួរទៅកាន់នាយឧត្តមសេនីយ៍ គៀតច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា តើហ៊ានអនុវត្តច្បាប់អន្តោប្រវេសន៍ ចំពោះនិគមជនវៀតណាម ដែលមករស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់ដែរឬទេ?

ទាក់ទិនបញ្ហាចោទសួរនេះដែរ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញមកឆ្លើយតបថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បន្ថែមក្នុងសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៥ មិថុនា ថា ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាង សំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ លោកនាយកសារព័ត៌មានដើមអំម្ពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ។ ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះ ទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋាន ចាត់កម្លាំងទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប ។

ទាក់ទិនករណីនេះដែរ លោក សយ សុភាព ដែលបានតាមដានយ៉ាងដិតដល់ នូវចំណាត់ការក្ដៅរបស់អភិបាលរាជធានីភ្នំពេញ ចុះរុះរើផ្ទះបណ្ដែតទឹក និងបែចិញ្ចឹមត្រី ដែលភាគច្រើនជារបស់ជនជាតិវៀតណាមនោះ ធ្លាប់បានលើកឡើងថា ប្រទេសថៃមិនបានផ្តល់សញ្ជាតិឱ្យ និគមជនវៀតណាម-ចិនទេ ទោះបី រស់នៅរហូតដល់ជិតស្លាប់ទៅវិញក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here