អាមេរិកបញ្ចប់ជំនួយគម្រោងព្រៃឡង់បៃតង ដោយសារការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា បន្តកើតឡើងឥតឈប់ឈរ

0
11

ភ្នំពេញ៖ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំងនេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយ អាមេរិក USAID ។ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែ សហរដ្ឋអាមេរិកបាន សម្តែងនូវកង្វល់ម្តង ហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ ពិសេស នៅដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ជាទីដែលទីភ្នាក់ងារជំនួយ អាមេរិក USAID បានចំណាយធនធានជាច្រើន។

យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានបញ្ជាក់ថាតាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្រ របស់ទីភ្នាក់ងារជំនួយ អាមេរិក USAIDដើម្បីឲ្យមានការដើរល្បាតការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀតនិងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូវផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើ នៅទី នោះ។

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា« ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំង នេះឡើយ។ ដោយសារមានបញ្ហាទាំង នេះ ដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយ ដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ ដោយទីភ្នាក់ងារជំនួយ អាមេរិក USAID ។ ជំនួយ របស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងារ របស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន»។

សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់យើង និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here