ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីបានបង្កើតកម្មវិធីប្រភេទ web-crawling សម្រាប់លួចទាញយកទិន្នន័យពីគេហទំព័រ Taobao។ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal បានបង្ហាញថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ពួកគេបានទាញយកទិន្នន័យជាច្រើនពីគេហទំព័រនេះមានដូចជា ឈ្មោះសំគាល់អ្នកប្រើប្រាស់ លេខទូរសព្ទ និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងការប្រើប្រាស់គេហទំព័រ។
ទោះបីជាក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានសំខាន់ៗ ដូចជាលេខសម្ងាត់មិនត្រូវបានទាញយកក្ដី ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីចំនួនអ្នកប្រើប្រាស់ដែលត្រូវបានរងគ្រោះនោះទេ។ គួរបញ្ជាក់ផងដែរថា Taobao គឺជាគេហទំព័រ លក់សម្ភារៈអនឡាញដ៏ធំ និងពេញនិយមមួយរបស់ក្រុមហ៊ុន Alibaba ដែលមានអ្នកចូលប្រើប្រាស់ប្រមាណ ៩២៥លាននាក់ក្នុងមួយខែ នេះបើតាមការបង្ហាញរបស់ក្រុមហ៊ុន៕