សិង្ហបុរី ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ

0
11

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា លោក ស្រី ត្យូ ឡេឆេង (Teo Lay Cheng) បានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ សិង្ហបុរីចង់រៀបចំពិព័រណ៍ទេសចរណ៍ជាមួយកម្ពុជា ក្នុងពេលសមស្របណាមួយ។នេះបើយោងតាមក្រសួងទេសចរណ៍។

ការលើកឡើងរបស់លោកស្រីបែបនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។

នាឱកាសនោះ លោក ថោង ខុន បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលបានធ្វើឱ្យកំណើនទេសចរទៅមកប្រទេសទាំងពីរមានការកើនឡើង នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារជួបនូវវិបត្តិសកលនេះហើយ កំណើនទេសចរអន្តរជាតិនៅកម្ពុជាក៏មានការធ្លាក់ចុះ។

លោក រដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩» ដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ក្នុងនោះក៏មានភាគីសិង្ហបុរីផងដែរ។

នៅពេលទទួលជ្រាបអំពីបញ្ហានេះហើយ លោកស្រី ត្យូ ឡេឆេង បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិនេះយ៉ាងខ្លាំង ដោយលោកជំទាវបានបញ្ជាក់ថា «រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការអនុវត្តផែនការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ និងនៅតែបន្តកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយមិត្តកម្ពុជាផងដែរ»។

លោកស្រីបន្តថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញ នឹងបង្កើនកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការបើកឱ្យមានចលនាទេសចរទៅមកប្រទេសទាំងពីរ ដែលគោរពតាមវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ សាធារណរដ្ឋសិង្ហបុរីក៏បាន គាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកម្ពុជា ដែលត្រៀមធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២» និង «ព្រឹត្តិការណ៍កីឡាស៉ីហ្គេម ឆ្នាំ២០២៣» ផងដែរ។

លោកជំទាវ ត្យូ ឡេឆេង បានស្នើសុំកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឬព្រឹត្តិការណ៍តាំងពិព័រណ៍ ទេសចរណ៍ នៅក្នុងពេលសមស្របណាមួយ ដែលស្របនឹងវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងគោលដៅរួមចំណែកស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៃប្រទេសមិត្តទាំងពីរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here