ស្រាថ្នាំតាំងគួយជិត៣ម៉ឺនដប មានសារធាតុគីមី ត្រូវបានកម្ទេចចោល ក្រោយមានអ្នកពុលស្លាប់៧នាក់

0
9

ភ្នំពេញ៖កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានធ្វើការបំផ្លាញស្រាថ្នាំ តាំង គួយ ចំនួន ២,៣១៣យួរ ស្មើ ២៧,៧៥៦ដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

គូសបញ្ជាក់ដែរថា ស្រាថ្នាំ តាំង គួយ បានបណ្តាលឱ្យមនុស្សពុលស្លាប់ចំនួន ៧នាក់ (ជនជាតិថៃចំនួន ០១នាក់) ដែលក្នុងស្រាថ្នាំនេះមានសារធាតុមេតាណុលកំរិតខ្ពស់ដល់ ១៤% (អនុលោម <០.២%) (របាយការណ៍សុខាភិបាល) ហើយផលិតផលស្រាថ្នាំ តាំង គួយ នេះដែរ ល្មើសនឹង ច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ត្រង់មាត្រា១៨ ជំពូកទី ៤ ចែងថា៖ ត្រូវហាមឃាត់ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារដែលមានសភាពប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈវិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាមបទប្បញ្ញត្តិនៃក្រសួងពាក់ព័ន្ធ ហើយត្រូវទទួលទោសក្នុងមាត្រា៦៣ នៃច្បាប់ដដែលចែងថា៖ ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១៦ ១៧ ១៨ និង ២១ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ដល់ ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០(ប្រាំលាន)រៀល ដល់ ១០ ០០០ ០០០(ដប់លាន) រៀល ឬទោសណាមួយនៃទោសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here